ក្រសួងទេសចរណ៍ រៀបចំកម្មវិធីបង្ហាញផ្លូវ “Cambodian Tourism Roadshow – Visit Cambodia NEXT” នៅខេត្តកាន់ធឺ ប្រទេសវៀតណាម
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា បានសេចក្តីជូនដំណឹង ស្ដីពីការរៀបចំកម្មវិធីបង្ហាញផ្លូវ “Cambodian Tourism Roadshow – Visit Cambodia NEXT” នៅខេត្តកាន់ធី ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលបានជំរុញឱ្យ បណ្តាប្រទេសអាស៊ានពិចារណាក្នុងការបើកប្រទេសដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញចលនា ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN) និងស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាល់នៃវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ (Recovery) ឆ្នាំ២០២២ ២០២៣ ក៏ដូចជា ផែនការយុទ្ឋសាស្ត្រស្តីពីទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីបង្ហាញផ្លូវ “Cambodian Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅខេត្តកាន់ធី ប្រទេសវៀតណាម នៅថ្ងៃទី១៨-២២ ខែកក្កដា ឆ្នាំ២០២២។
កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា-វៀតណាម ផ្សព្វផ្សាយអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេស ផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅទេសចរណ៍ម៉ាយ (MICE) និងផ្សព្វផ្សាយ “កម្ពុជាជាគោលដៅ ទេសចរណ៍កីឡា” តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៨ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមជាមួយការអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។
ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ ចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជានៅលើទីផ្សារ វៀតណាម ដែលក្នុងឱកាសនោះ ក្រសួងទេសចរណ៍នឹងរៀបចំសន្និសីទសារព័ត៌មាន ការរៀបចំ Table Top Sales រវាងអ្នកលក់ក្នុងស្រុក និងអ្នកទិញវៀតណាម និងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ ប្រតិបត្តិករទេសចរណ៍ និងសមាគមទេសចរណ៍ធំៗនៃប្រទេសវៀតណាមប្រមាណ ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។