អ៊ុយ​ក្រែ​ន​ត្រូវ​ការប្រាក់ ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយខែ ដើម្បី​ទប់ទល់​រុស្ស៊ី​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គកា​ណា​តូ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បានស្នើ​ដល់ អង្គកា​ណា​តូ ដឹកនាំ​ដោយ​អាមេរិក បង្កើន​ការ​ផ្តល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ទាំង​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ ។ លោក Volodymyr Zelensky បញ្ជាក់ថា យើង​ត្រូវការ ៥​ពាន់​លាន​ដុល្លារ ជា​រៀងរាល់ខែ​។​

​ការអំពាវនាវ​ខាងលើ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក្នុងពេល​លោក​ចូលរួម​កិច្ចប្រជុំ​ប្រ​អង្គការ​ណា​តូ នៅ​ថ្ងៃទី ២៩​ខែមិថុនា​ឆ្នាំ​២០២២​។ លោក​បន្តទៀតថា ណា​តូ​ត្រូវតែ​ប្រញាប់​ផ្តល់ជំនួយ​ដើម្បី​ទទួលបាន​ជ័យជម្នះ ឬក៏​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ណា​តូ​តែម្តង​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បញ្ជាក់ថា ទីក្រុង​គៀវ​ត្រូវការ​ផ្តល់ជំនួយ យោធា និង​ហិរញ្ញវត្ថុ​ជាបន្ទាន់ ប្រមាណ​៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយខែ​។​

​លោក Volodymyr Zelensky បញ្ជាក់ថា ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ គឺមាន​សារសំខាន់​យ៉ាងខ្លាំង ដូចជា​ការផ្តល់​អាវុធ ។ លោក​បន្តទៀតថា យើង​ត្រូវការ​៥​ពាន់​លាន​ដុល្លារ ក្នុង​មួយខែ ដើម្បី​ការពារ​ប្រទេសជាតិ​។​

​នៅក្នុង​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​នោះដែរ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​សន្យាថា​នឹង​បង្កើន​ចំនួន​កងទ័ព​អាមេរិក យន្ដហោះ​ចម្បាំង រួមទាំង​នាវាចម្បាំង​នៅក្នុង​តំបន់ អឺរ៉ុប ខណៈ​បក្សសម្ព័ន្ធ​យោធា​ណា​តូ (NATO) ឯកភាពគ្នា​ក្នុងការ​ពង្រឹង​វត្តមាន​យោធា​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​តំបន់​អឺរ៉ុប​ខាងកើត ចាប់តាំងពី​សម័យ សង្គ្រាមត្រជាក់​មក ជាការ​ឆ្លើយតប​ទៅនឹង​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន​។​

​ការប្ដេជ្ញាចិត្ត​របស់លោក ចូ បៃ​ដិ​ន ធ្វើឡើង​នាឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ នៅឯ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ហើយ​ជាមួយគ្នា​លោក​ក៏បាន​សន្យា​ផងដែរ​នឹង​ការពារ​ទឹកដី​ណា​តូ​មិនឱ្យ​បាត់​សូម្បី​តែមួយ​ចំអាម ខណៈ​បក្សសម្ព័ន្ធ​ណា​តូ​ឯកភាពគ្នា​លើ​ផែនការ​ថ្មី​មួយ ក្នុងការ​ពង្រឹង និង​បង្កើត​វត្តមាន​យោធា​នៅក្នុង​តំបន់​បាល​ទិ​ក និង​ប៉ូឡូញ ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​ណាមួយរ​បស់​រុ​ស្ស៉ី នៅពេល​អនាគត​។​

​លើសពី​ទៅទៀត បន្ថែម​ពីលើ​ការប្ដេជ្ញាចិត្ត និង​ការសន្យា លោក បៃ​ដិ​ន ក៏បាន​បញ្ជាក់​ឡើង​វិ​ញៀ​ផងដែរ​ថា​ការវាយប្រហារ​លើ​ប្រទេស​ជា​សមាជិក ណា​តូ​ណាមួយ មានន័យថា​ជាការ​វាយប្រហារ​លើ​បក្ស​សម្ព័ន្ធ​ណា​តូ​ទាំងមូល​។ បើតាម​លោក បៃ​ដិ​ន សហរដ្ឋអាមេរិក​នឹង​បង្កើន​វត្តមាន​យោធា​របស់ ខ្លួន​បន្ថែម​ពីលើ​កងទ័ព​ជាង ១០០,០០០​នាក់ ដែល​កំពុង​ឈរជើង​ស្រាប់​ក្នុង​តំបន់​អឺរ៉ុប ព្រមទាំង​ដាក់ពង្រាយ​បន្ថែម​នាវាចម្បាំង និង​យន្ដហោះ​ចម្បាំង ក្នុង​តំបន់​អឺរ៉ុប​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close