អាជ្ញាធរជាតិអប្សរា កំពុងជួសជុសព្រះវិហារនៅវត្តប្រាសាទលលៃ
ព្រះវិហារដែលមានចំណាស់ខិតជិត១០០ឆ្នាំ ស្ថិតនៅជ្រុងខាងកើតឆៀងខាងត្បូងនៃតួប្រាសាទលលៃ មានទំហំបណ្តោយ២៧,៥ម ទទឹង១១,២ម និងកម្ពស់១៥,៥ម ដែលបានបង្កើតជារូបឯក នៃបុរាណដ្ឋានរវាងប្រាសាទ និងទេសភាពជនបទដ៏ស្រស់ស្អាត ដែលកំពុងឈានដល់វ័យចាស់ទ្រុឌទ្រោម ដោយសារអាយុកាល គុណភាពនៃសំណង់ និងមានការបំផ្លាញដោយសត្វល្អិត ត្រូវបានអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល និងអភិរក្សឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង។
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលព្រះវិហារនៅប្រាសាទលលៃ គឺចាប់ផ្តើមនៅខែមិថុនា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២២។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើក ឱ្យនៅឋិតថេរបន្តទៅមុខទៀត។ ម្យ៉ាង បម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ បង្កើតភាពសោមនស្សដល់អារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះ។
សូមបញ្ជាក់ថា ព្រះវិហារនៅវត្តប្រាសាទលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ផ្តើមការជួសជុល និងអភិរក្ស ក្រោមការឧបត្ថម្ភថវិកា និងបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។