គម្រោង​ជួសជុល​កំពង់ទឹក​រប​ស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត សម្រេចបាន​ប្រមាណ​៧៥​ភាគរយ​ហើយ​

​គម្រោង​ជួសជុល​កំពង់ទឹក​រប​ស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​របស់​ប្រទេស​ជប៉ុន បាន​ឈានដល់​ដំណាក់កាល​សម្រេច​ប្រមាណ​៧៥​ភាគរយ​ហើយ​រហូតមក​ដល់ពេលនេះ ។​

​លោក អន សុភាព​បុរាណ​វិទូ និង​ជា​ប្រធាន​ក្រុមការងារ​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ឱ្យដឹងថា គម្រោង​ជួសជុល​កំពង់ទឹក​រប​ស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត ដែល​ចាប់ផ្តើម​រយៈពេល​ជាង​៦​ខែ​មកនេះ បានធ្វើ​ការងារ​ជាច្រើន​ដូចជា រៀប​ជញ្ជាំង ចាក់​បេតុង បុក​បង្ហាប់ដី​នៅ​គ្រឹះ​របស់​កំពង់ទឹក​ឡើង​វិញ​ជាដើម​នោះ គឺ​បាន​ឈានទៅដល់​ជិត​រួចរាល់​។ អ្នកជំនាញ​រូបនេះ​បន្តថា ការងារ​ជួសជុល​កំពង់ទឹក​នេះ គឺ​ដំណាក់កាល​ដំបូង​ត្រូវ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​លើ​ការខូចខាត និង​វិធីសាស្ត្រ​ជួសជុល​តាំងពី​ឆ្នាំ​២០២១​មក ចំណែកឯ​សកម្មភាព​ជួសជុល​បានចាប់ផ្តើម​កាលពីដើម​ឆ្នាំ​២០២២ ហើយ​កំពុង​បន្ត​រហូតមកដល់​សព្វ​ថ្ងៃនេះ​។

​អ្នកជំនាញ​នៃ​ការងារ​ជួសជុល​រូបនេះ បន្ត​ឱ្យដឹងថា កំពង់ទឹក​របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត មានការ​ខូចខាត​ជាខ្លាំង ជាពិសេស​រចនា​សម្ពន្ធ​របស់​កំពង់ទឹក​ផ្នែក​ខាងជើង​។ ចំណែក​គ្រឹះ​ផ្នែក​ត្រង់​របស់​ស្ពាន​ហាល និង​កំពង់ទឹក​វិញ គឺ​ថ្មបាយក្រៀម​មាន​សភា​ពពុ​ក​ផុយ​ខ្លាំង តាំងពី​កាំ​ថ្ម​ទី​១​ដល់​កាំ​ទី​៤​។ ជញ្ជាំង​ផ្នែក​ខាងជើង​របស់​ស្ពាន​ហាល​ទ្រុឌទ្រោម​ខ្លាំង បាន​រលុះ​ធ្លាក់ចូល​ទៅក្នុង​ក​សិន្ធុ​ស្ទើរតែ​ទាំងស្រុង​។ ជញ្ជាំង​ផ្នែក​ខាងលិច និង​ខាងកើត​ក៏មាន​សភាព​ហែក​ចេញពី​គ្នា​ដែរ​។ ក្នុង​ការងារ​ជួសជុល​កំពង់ទឹក​រប​ស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត​ឡើងវិញ​នេះ គឺ​តម្រូវឱ្យ​រុះរើ​ជញ្ជាំង​ផ្នែក​ខ្លះ​ដែល​ពុកផុយ​ខ្លាំង ហើយ​ចាក់​បេតុង​ផ្នែក​ខាងក្នុង​ដើម្បី​ពង្រឹងគុណភាព​ជញ្ជាំង​ឡើងវិញ​។ រីឯ​ផ្នែក​ខាងត្បូង​ដែល​ខិតជិត​មក​ផ្នែក​ត្រង់​របស់​ស្ពាន​ហាល គឺ​ជញ្ជាំង​នៅមាន​ស្ថាន​ភាពល្អ និង​បាន​រក្សាទុក​ដដែល ដោយ​គោរព​ទៅតាម​គោលការណ៍ របស់​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ​។​

​លោក អន សុភាព ឱ្យដឹងទៀតថា កំពង់ទឹក​របស់​ស្ពាន​ហាល​នៃ​ប្រាសាទអង្គរវត្ត មាន​ទំហំ​១២​ម៉ែត្រ​បួន​ជ្រុង និង​មាន​សណ្ឋាន​ដូចគ្នា​ទៅនឹង​កំពង់ទឹក​ផ្នែក​ខាងត្បូង​ដែរ ហើយ​ក្រុមការងារ​នឹង​ខិតខំ​ប្រឹងប្រែង​ជួសជុល ដើម្បី​ឈានទៅ​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០២២​ខាងមុខ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close