ធ្លាក់ភ្លៀង​ខ្លាំង បង្ក​ការ​ជន់​លិច​ដ៏​អាក្រក់ មនុស្ស​រាប់ពាន់នាក់ ត្រូវ​ជម្លៀសចេញ​នៅ​ក្រុង​ស៊ីដនី​

(​ដេល្លី​ម៉េ​ល​)៖ អ្នកក្រុង​ស៊ីដនី​និង​អ្នករស់នៅ​តំបន់​ជុំវិញ​ជាង​៣០.០០០​នាក់​ត្រូវបាន​ប្រាប់​អោយ​ភៀសខ្លួន​ឬ​ត្រៀម​បោះបង់​ចោលផ្ទះ​របស់គេ​នៅ​ថ្ងៃ​ចន្ទ​ទី​០៤​កក្កដា​នៅពេល​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​មួយ​នេះ​ប្រឈម​នឹង​អ្វីដែល​អាច​ហៅថា​ជា​ជំនន់​អាក្រក់​បំផុត​ក្នុង​រយៈពេល​១៨​ខែ​មកនេះ​។​

​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ដែលមាន​ប្រជាជន​៥​លាន​នាក់​នេះ​កំពុង​ប្រឈម​ស្ថានភាព​គ្រាអាសន្ន​ទឹកជំនន់​លើក​ទី​បួន​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ បន្ទាប់ពី​ការធ្លាក់​ភ្លៀង​ខ្លាំង​តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​បង្ក​អោយ​ទឹក​ហៀរ​ទំនប់​និង​ផ្លូវទឹក​នានា​ចូល​តំបន់​ទំនាប​។​

​រដ្ឋមន្ត្រី​គ្រប់គ្រង​ស្ថានភាព​គ្រាអាសន្ន​លោក មួរ​រ៉េ វ៉​ត់​(Murray Watt)​បាន​ប្រាប​សារព័ត៌មាន​ABC​អូស្ត្រាលី​ថា «​ជំនន់​បច្ចុប្បន្ន​ទំនង​ជា​ពន្លិច​តំបន់​ដែល​មិនដែល​លិច​ក្នុង​ទឹកជំនន់​កាលពី​លើក​មុនៗ​។​វា​អាក្រក់​ជាង​ជំនន់​បី​លើក​មុន​ក្នុង​រយៈពេល​១៨​ខែ​មកនេះ​»​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលរដ្ឋ​ញូ​វ​សោត​វ៉េ​ល​(New South Wales)​បាន​និយាយថា មនុស្ស​៣២.០០០​នាក់​ត្រូវបាន​បញ្ជា​អោយ​ភៀសខ្លួន ឬ​ព្រមាន​អោយ​ត្រៀមខ្លួន​និង​ចំនួន​មនុស្ស​ប្រភេទ​នេះ​អាច​នឹង​កើនឡើង​នៅ​សប្តាហ៍​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close