ទឹកធ្លាក់”ឆាយតាភោគ” កំពុងលាក់ខ្លួននៅលើភ្នំម្រេចកង្កែប ខេត្តកោះកុង
ទឹកធ្លាក់ “ឆាយតាភោគ” តំបន់ទឹកធ្លាក់ ដ៏មានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិមួយកន្លែងថ្មីមួយទៀត កំពុងលាក់ខ្លួន ពួនសម្រស់ នៅលើខ្នងភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំក្រុមការងារជំនាញ សហការជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង បានធ្វើការស្រាវជ្រាវរុករកទីតាំងឃើញទតាំងសក្តានុពលទេសចរណ៍ធម្មជាតិ នៅតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែបកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២។
ទឹកធ្លាក់”ឆាយតាភោគ” មានកម្ពស់ប្រមាណ ១៥ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយពីទីតាំង ពយភ្នំម្រេចកង្កែប ប្រវែងប្រមាណ ២៥០ម៉ែត្រ ប៉ុណ្ណោះ។ កន្លងមក ទឹកធ្លាក់នេះហាក់ដូចជាកន្លែងធម្មជាតិថ្មីមួយទៀត ដែលអ្នកទេសចរណ៍ មិនទាន់បានទៅដល់ នៅពេលពួកគេមកកម្សាន្តនៅតំបន់ទេសចរណ៍ស្ទឹងអារ៉ែង។
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង សង្ឃឹមជឿជាក់ថា ទឹកធ្លាក់នៅកន្លែងថ្មីនេះ នឹងបម្រើវិស័យទេសចរណ៍មួយកន្លែងទៀតក្នុងខេត្តកោះកុង ព្រមទាំងជួយដល់ការលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។