ការប្រកួត​កីឡា​វាយ​សី ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

​ការប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​ឆ្នាំ​២០២១ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បន្ទាប់ពី​ដំណើរការ​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​មានប្រសាសន៍ថា ឆ្លងតាម​របាយការណ៍​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការយកចិត្តទុកដាក់ និង​ការ​ទំនុកបម្រុង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វត្តមាន​មន្ត្រី​កីឡា​តំណាង​ក្រសួង​ចាប់តាំងពី​ថ្ងៃ​បើក​ការប្រកួត​ដំបូង​រហូតមក​ដល់ពេលនេះ និង​ការខិតខំ​បំពេញការងារ​របស់​ម​ន្ត្រី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ក៏ដូចជា​គណៈកម្មការ​រៀបចំ​ការប្រកួត​ទាំងមូល រួមទាំង​ចៅក្រម​អាជ្ញាកណ្ដាល​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​ស្មារតី​បំពេញ ភារកិច្ច​ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ នាពេលនេះ​។​

​ការប្រកួត​ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ​ឆ្នាំ​២០២១​នេះ មាន​ក្លឹប​-​សហគម​ចំនួន​១៦​បាន​ចូលរួម ដោយមាន​ប្រតិភូ​កីឡា​សរុប​មាន​១៦៤​នាក់ ក្នុងនោះ​កីឡាករ​៨៨​នាក់ កីឡាការិនី​២៨​នាក និង​ថ្នាក់ដឹកនាំ​កីឡា​៤៨​នាក់​។ ការប្រកួត​របស់​យើង​គឺ​អនុវត្តតាម​ទម្រង់​ទាំងស្រុង​របស់​ការប្រកួត​កីឡា​ជាតិ ដែល​បាន​អនុវត្តតាម​បទដ្ឋាន​នៃ​ការប្រកួត​ស៊ី​ហ្គេម ដើម្បី​ឲ្យ​កីឡាករ​និង​មន្ត្រី​របស់​យើង​មានឱកាស​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​ជា​បណ្ដើរៗ ឈានទៅ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បន្ថែមទៀតថា កំណើន​ចំនួន​ក្លឹប​និង​កីឡាករ បង្ហាញ​ពី​ការរីកចម្រើន​នៃ​វិស័យ​កីឡា​វាយ​សី​នៅ​កម្ពុជា​។ ប្រាកដ​ណាស់​ថា​ថ្នាក់ដឹកនាំ​តាម​បណ្តា​ក្លឹប ខិតខំ​ប្រឹងប្រែង​ជំរុញ​ការងារ​ហ្វឹកហាត់ ពង្រឹង​ជំនាញ ដល់​កីឡាករ និង​ការងារ​គ្រប់គ្រង បង្ក​ប្រភព ទើប​កីឡាករ​-​ការិនី​របស់​យើង​ថ្ងៃនេះ មានឱកាស និង សមត្ថភាព​បង្ហាញ​នូវ​ស្នាដៃ ព្រមទាំង​ទេពកោសល្យ ក្នុងការ​ដណ្ដើម​យកជ័យ​លា​ភី​តាម​វិញ្ញាសា​នីមួយៗ​។​

​ក្នុងឱកាស​បិទ​ការប្រកួត​នេះ លោក ឌួង មាស​ចំរើន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ​ចូលរួម​ផ្តល់​កិត្តិយស​បំពាក់​មេដាយ​ជូន​ដល់​ម្ចាស់​ជ័យលាភី​ជាមួយ​គណៈអធិបតី​ផងដែរ​។​

​គួរ​បញ្ជាក់ថា ជ័យលាភី​លើ​វិញ្ញាសា​ទាំង​៧​នេះ​រួមមាន​៖ វាយ​ឯកជន​បុរស​អាយុ​១៩​ឆ្នាំ​ឡើង លេខ​១ កីឡាករ ហេង ម៉េង​លី ក្លិប​ក្រសួងមហាផ្ទៃ​, វាយ​គូ​បុរស​អាយុ​១៩​ឆ្នាំ​ឡើង លេខ​១ កីឡាករ ទេព ច័ន្ទ​ម៉ា​រ៉ា ក្លិប​ក្រសួងមហាផ្ទៃ​, វាយ​ឯកត្តជន​បុរស​ក្រោម​១៨​ឆ្នាំ លេខ​១ កីឡាករ សុខ រីករាយ ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, វាយ​គូ​បុរស​ក្រោម ១៨​ឆ្នាំ លេខ​១ កីឡាករ ណៅ កន​សុខ​រតនៈ ក្លិប​ពហុ​កីឡដ្ឋាន​ជាតិ​, វាយ​ឯកត្តជន​នារី ក្រោម​៨​ឆ្នាំ លេខ​១ កីឡាការិនី លឿង ម៉ាលី​និច្ច សម្ព័ន្ធ​វាយ​សី​ខេត្តបាត់ដំបង​, វាយ​គូ​នារី​១៩​ឆ្នាំ​ឡើង កីឡាការិនី ឡេង ដាវី និង​ភាន ចិន្តា មកពី​សម្ព័ន្ធ​វាយ​សី​ខេត្តកំពង់ចាម និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​មិ​និ​ត​អាយុ កីឡាករ ចេង ភា​រុំ និង​កីឡាការិនី កែរ ពេជ្រ​ឆ​រ៉ាវី មកពី​ក្លិប​វាយ​សី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្រៅពីនេះ ក៏មាន​ជ័យលាភី​លេខ​២ និង​លេខ​៣ អម​វិញ្ញាសា​ទាំង​៧​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close