ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ជំរុញឲ្យសមាជិកសហព័ន្ធបាល់បោះ ពង្រឹងយន្តការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់បោះកម្ពុជានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការបច្ចេកទេស រួមទាំងសមាជិកទាំងអស់ នាពេលកន្លងមក ក៏ដូចជាជំរុញឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិពង្រឹងយន្តការនានា ក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថា សហព័ន្ធបានដាក់ផែនការសកម្មភាពច្បាស់លាស់ នៅក្នុងដំណើរការអភិវឌ្ឍវិស័យកីឡាជំនាញនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។ «យើងដឹងច្បាស់ហើយថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡា ស្របទៅតាមគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រភេទកីឡាបាល់បោះ ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀត សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣»។
ឯកឧត្តម ស៊ាន បូរ៉ាត គូសបញ្ជាក់ទៀតថា «យើងត្រូវគិតគូបន្ថែមទៀតទៅលើយន្តការការងារនេះឲ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីបាល់បោះឲ្យមានគុណភាព ដោយទី១ត្រូវពង្រឹងក្លិបក្នុងប្រទេសឲ្យបានខ្លាំង ទី២ រៀបចំការបង្វឹកដល់កីឡាករ កីឡាការិនីលើវិញ្ញាសា ៣ទល់៣ និង៥ទល់៥ជាដើម»។
ជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធក៏បានផ្តល់អនុសាសន៍ឲ្យគណៈកម្មាធិការប្រតិបត្តិជំរុញយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាឲ្យបានល្អប្រសើរ ដោយមិនត្រូវទុកបញ្ហាទាំងនោះនៅឆ្ងាយនោះទេ។ ឯកឧត្តមក៏បានណែនាំឲ្យលេខាធិការដ្ឋានសហព័ន្ធរៀបចំផែនការសកម្មភាពគោលដៅចម្បងៗទាំងនេះឲ្យបានច្បាស់លាស់ និងដំណើរការឲ្យរលូន ក្នុងការពង្រឹងគោលនយោបាយគ្រប់គ្រង សកម្មភាពប្រកួត ព្រមទាំងលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីឲ្យមានការប្រកួតប្រជែងពង្រឹងបច្ចេកទេសឲ្យបានរឹងមាំបន្ថែមទៀត។ ជារួម ឯកឧត្តមប្រធានសហព័ន្ធស្នើសុំដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់លើកកម្ពស់បន្ថែមប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការបាញ់ឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាមានប្រសាសន៍ដែរថា ក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទី១ សហព័ន្ធត្រូវរៀបចំក្រុមជម្រើសជាតិកីឡាបាល់បោះ ហើយត្រូវឆ្លើយតបទៅនឹងសន្ទស្សន៍ មេដាយ ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចេញជាគោលការណ៍។ ឯកឧត្តមអគ្គនាយកក៏បានឯកភាពនឹងការធ្វើបទបង្ហាញអំពីការរៀបចំក្រុមជម្រើសជាតិ វគ្គបំប៉នសមត្ថភាពបន្ថែមសម្រាប់មន្ត្រី គ្រូបង្វឹក ជាដើម ដើម្បីបង្កើនទាំងបរិមាណ និងគុណភាព។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ សង្កត់ធ្ងន់ថា នាខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នឹងមានការប្រកួតកីឡាជាតិ ហើយឯកឧត្តមបានស្នើឲ្យយកការរៀបចំកីឡាជាតិ លើកទី៣នេះ គឺជាកន្លែងអនុវត្តការងារ ឬជាការដ្ឋានការងារអនុវត្តជាក់ស្តែង ក្នុងការវាស់ស្ទង់នៃការរៀបចំផង និងជាការវាស់ស្ទង់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីផង នៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។