តក់ស្លុត​! បុរស ២​នាក់ ត្រូវ​សត្វ​ខ្លាឃ្មុំ​ទះ និង​ចាប់​ហែក រងរបួស​ធ្ងន់

​ខេត្តពោធិ៍សាត់ ៖ បុរស​ពីរ​នាក់ រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ត្រូវ​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ទះ និង​ចាក់​ហែក យ៉ាង​ឃោរឃៅ ហេតុការណ៍​នេះ​កើតឡើង​នៅ នៅ​ចំណុច​ឆាយ​បី​ជាន់ ឧបសម្ព័ន្ធ​ស្ទឹង​តា​ចាន់ ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង បាន​ប្រាប់​ឲ្យ​ដឹងថា តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ទាំងពីរ មុនពេល​កើតហេតុ ពួកគាត់​បាន​ដើរទៅ​ដួស​ត្រី ដើម្បី​យកមក​ចិញ្ចឹមជីវិត តែ​ទើប​ដើរ​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ជួប​ជាមួយ​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ហើយក៏​ត្រូវ​សត្វ​ខ្លាឃ្មុំ​នោះ ដេញ​ទះ និង​ចាប់​ហែក​សាច់ បណ្តាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ​ទី​១​មានឈ្មោះ ងុ​យ ងឿ​ន ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ រងរបួស​ធ្ងន់ ទី​២​មានឈ្មោះ ភី ភក្តី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំងពីរ​រស់នៅ​ចំណុច ឧបសម្ព័ន្ធ​ស្ទឹង​តា ចាន់ ស្ថិតក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ឃុំ​អូរ​សោម ។

​លោក​វរសេនីយ៍ឯក​អធិការ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឬ​នេសាទ និង​លេង​កំសាន្ត នៅ​តំបន់​នេះ ក៏ដូចជា​តំបន់​ផ្សេងៗ​ទៀត ដែល​ឧស្សាហ៍​មាន​សត្វព្រៃ​កាច​សាហាវ​ឆ្លងកាត់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មិនគួរ​ទៅ​តំបន់​ទាំងនោះ ដែល​នាំ​ឲ្យ​ងាយ​រង​ទទួល​គ្រោះថ្នាក់​ដោយសារ​សត្វព្រៃ​វាយប្រហារ ជាពិសេស​មិនត្រូវ​មានការ​លួច​បរបាញ់​សត្វព្រៃ​ទាំង​នោះឡើយ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close