ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា លើក​ទី​១៥ កម្រិត​អន្តរជាតិ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ

​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ទូទៅ​ឱ្យបាន​ជ្រាបថា​៖ ក្រសួង​នឹង​បន្ត​រៀបចំ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា លើក​ទី​១៥ កម្រិត​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​១៥-១៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​តាំង ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នៃ​ការរៀបចំ​ពិព័រណ៍ ខាងលើ ក្រសួង​មាន​រៀបចំ ព្រឹត្តិការណ៍​អម​សំខាន់ៗ​មួយចំនួន​ដូចជា សិក្ខា សាលា​ស្តីពី​ការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកា​ធុរកិច្ច និង​វិនិយោគ ជំនួប​ពាណិជ្ជកម្ម និង​កម្មវិធី​ចុះ​អនុស្សរណៈ យោគយល់​លើ កិច្ចការ ពាណិជ្ជកម្ម ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​គាំទ្រ​និង​អភិវឌ្ឍន៍​វិស័យ​ឯកជន ។​

​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ឱ្យមាន​សកម្ម​ភាពរស់រវើក​ឡើងវិញ បន្ទាប់ពី​បាន​អាក់ខាន​មួយរយៈ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស ជំរុញ ការនាំចេញ​ផលិតផល និង​សេវា​ឱ្យដល់​គោលដៅ​ទីផ្សារ ដែលជា​ផ្នែក​មួយ​ជួយ​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ​។​

​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ខាងលើ នឹង​ផ្តល់នូវ​កាលានុវត្តភាព​ថ្មី ក្នុង​ការតភ្ជាប់​ទំនាក់​ទំនង ពាណិជ្ជកម្ម​ក្នុងស្រុក​រវាង រាជធានី​-​ខេត្ត ទូទាំងប្រទេស​កម្ពុជា និង​រវាង​កម្ពុជា ជាមួយ​អន្តរជាតិ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួងពាណិជ្ជកម្ម​សូម​អញ្ជើញ វិនិយោគិន សហគ្រិន ផលិតករ ពាណិជ្ជករ ដែលមាន​បំណង​ចង់ ចូលរួម ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា លើក​ទី​១៥ ឆ្នាំ​២០២២ ឬ​មាន គម្រោង ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ ឬ​មាន​គម្រោង​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ ដៃគូ របស់ខ្លួន សូម​អញ្ជើញ​មក​បំពេញបែបបទ​ចូលរួម និង​ផ្ញើ​គម្រោង​របស់ខ្លួន មក​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ឱ្យបាន​មុន​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ជា​កំហិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close