ក្រុម​សម្ព័ន្ធមិត្ត NATO ចុះហត្ថលេខា​លើ​កំណត់ហេតុ សម្រាប់​ហ្វាំ​ង​ឡង់​និង​ស៊ុយអែត​ចូល​ជាស​មា​ជិ​ក

​តាម​ការចេញផ្សាយ​ដោយ វែបសាយ​របស់​អង្គការ NATO នៅ​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០២២​ថា ក្រុម​ឯកអគ្គរដ្ឋទូត​របស់​អង្គការ NATO បាន​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​ការចូល​ជា​សមាជិក សម្រាប់​ហ្វាំ​ង​ឡង់​និង​ស៊ុយអែត​ហើយ​។​

​ពិធី​ចុះហត្ថលេខា​លើ ត្រូវបាន​ធ្វើឡើង​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ NATO ដែល​ស្ថិតក្នុង​ទីក្រុង​ព្រុ​ច​សែ​ល នៃ​ប្រទេស​បែ​ល​ហ៉ិ​សក ជាមួយ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំ​ង​ឡង់ លោក ផេ​ក​កា ហា​វ៉ា​ស្តូ (Pekka Haavisto) និង​រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត លោកស្រី អាន់ លីន (Ann Linde)​។ នាឱកាស​នោះ អគ្គលេខាធិការ NATO លោក ជេន ស្តូ​ល​ថិ​ន​បឺ​ហ្គ (Jens Stoltenberg) បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​នេះ​ពិតជា​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ហ្វាំ​ង​ឡង់ សម្រាប់​ស៊ុយអែត សម្រាប់ NATO និង​សម្រាប់​សន្តិសុខ​រួម​របស់​ពួកយើង​»​។​

​គួរ​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន កំលុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ក្រុម​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក NATO បាន​ឯកភាពគ្នា​អញ្ជើញ​ហ្វាំ​ង​ឡង់​និង​ស៊ុយអែត ឱ្យ​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​យោធា​លោកខាងលិច​មួយ​នេះ បន្ទាប់ពី​ប្រទេស​ទាំងពីរ បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ដំណាលគ្នា កាលពី​ខែឧសភា​។ ការចុះ​ពិធីសារ​ខាងលើ គឺជា​ការចាប់ផ្តើម​នៃ​ដំណើការ​ផ្តល់​សច្ចាប័ន ចំពោះ​សមាជិកភាព​របស់​ហ្វាំ​ង​ឡង់​និង​ស៊ុយអែត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close