អគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន ស្នើសុំ​ការអនុញ្ញាត​ចូល​ចត នាវា​យោធា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ចុងខែ​កក្កដា​នេះ

​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អនុញ្ញាតឱ្យ​ឯកឧត្តម Zaheeruddin Babar Thaheem អគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជំរាបជូន​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ មាន​ក្រុង​ពីរ ស្រុក​៣ ស្មើ ២៩​ឃុំ​-​សង្កាត់ មាន​ឆ្នេរសមុទ្រ​ប្រវែង ១៧៥​គីឡូម៉ែត្រ មាន​កោះ​ចំនួន ៣២ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជាតា​រា​រះ​នា​ទិស​នារ​តី​។ រាជរដ្ឋាភិបាល​បានផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ មានដូចជា​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ សួនច្បារ លំហរ​ឆ្នេរ​សាធារណៈ បន្ទប់ទឹក​សាធារណៈ អាង​ប្រ​ព្រឹ​ត​កម្ម​ទឹក​កខ្វក់ និង​រូបសំណាក​បដិមា បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​។ ការអភិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត រួមមាន​ការងារ​ស្តា​អូរ ប្រឡាយ និង​ការសាងសង់​ទីលាន​ចាក់សំរាម ជាដើម​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ជាច្រើន​ដូចជា កំពង់ផែ​ទឹក​ជ្រៅ ស្រូបយក​ទំនិញ​កុងតឺន័រ ៧០​ភាគរយ​ក្នុងប្រទេស​កម្ពុជា បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​JICA កសាង​ពង្រីក​ទីលាន​កុងតឺន័រ និង​ផែ​ដែលមាន​ជំរៅ​ទឹក​រហូត​១៣,៥០​ម៉ែត្រ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៥ មាន​សមត្ថ ភាព​អាចឱ្យ​នាវា​មាន​ចំណុះ ៥​ម៉ឺន​តោន​ចូល​ចត​បាន​។ អាកាសយានដ្ឋាន​អន្តរជាតិ បាន​ពង្រីក​ផ្លូវ​រត់​រហូត​៣,៤០០​ម៉ែត្រ អាចឱ្យ​យន្តហោះ​ប្រភេទ​ធំ​ហោះ​ឆ្លង​ទ្វីប​ចុះចត​បាន និង​កំពុង​បន្ត​សាងសង់​ស្ថានីយ​ចេញដំណើរ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។ រាជ​រដ្ឋា​ភិ បាល បាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ និង​គ្រោង​បញ្ចប់​នៅ​ខែ​១០ ឆ្នាំ​២០២២ ខាងមុខ​។ ខេត្ត​ព្រះសីហនុ មានការ​វិនិយោគ​ពី​វិនិយោគិន​បរទេស និង​ភ្ញៀវទេសចរ​បរទេស ហើយ​សង្ឃឹមថា ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ អ្នកវិនិយោគ និង​ទេសចរ នឹង​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​ជាក់​ជាមិនខាន​។

ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​អនុញ្ញាតឱ្យ​ឯកឧត្តម​ចូលជួប​ពិភាក្សា​ការងារ នេះ​ជា​លើក​ទី​២ ដែល​ឯកឧត្តម​បានមក​កាន់​ខេត្ត​ព្រះសីហនុ និង​មានឱកាស​បានឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន​មានដូចជា ឆ្នេរសមុទ្រ ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ឯកឧត្តម​បាន​បន្តថា ខេត្ត​ព្រះសីហនុ មាន​សក្តានុពល​វិនិយោគ និង​ទេសចរណ៍ ជាទី​ក្រុង​ថ្មី ដែលមាន​អាកាសយានដ្ឋាន​អន្តរជាតិ អាច​ទទួល​យន្តហោះ​ធុន​ធំ មកពី​បណ្តា​ប្រទេស​ចុះចត​បាន ផ្លូវ​ល្បឿន​លឿន​អាច​ទាក់ទាញ​ស្រូបយក​ភ្ញៀវទេសចរ កាន់តែច្រើន​នាពេលខាងមុខ​។ ហើយ​កំពង់ផែ​ទឹក​ជ្រៅ​វា​បានផ្តល់​សក្តានុពល​សេដ្ឋកិច្ច ជាទី​ក្រុង​ហិរញ្ញវត្ថុ​នាពេលខាងមុខ​ផងដែរ​។

​ឯកឧត្តម​សង្ឃឹមថា ក្រុងព្រះសីហនុ នឹង​ក្លាយជា​តំបន់​ទេសចរណ៍​យ៉ាងពិត​ប្រាកដ​នៅ​ថ្ងៃ​ខាងមុខ ហើយ​នៅមាន​កត្តា​ជាច្រើន​ផ្សេងទៀត​ជួយ​លើកកម្ពស់​សក្តានុពលរ​បស់​ប្រទេស​កម្ពុជា​។​

ក្នុងឱកាស​នោះ​ឯកឧត្តម Zaheeruddin Babar Thaheem បាន​ស្នើសុំ​ការអនុញ្ញាត​ចូល​ចត នាវា​យោធា​របស់​ប្រទេស​ប៉ា​គី​ស្ថាន នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខនេះ និង​សុំ​អញ្ជើញ​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី ចូល​ចត​នាវា​យោធា​ប៉ា​គី​ស្ថាន​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close