ថៃ មាន​ប្រេង​ឆៅ​បម្រុង​ទុក សម្រាប់​រយៈពេល​ពី ៦០​ទៅ ៧០​ថ្ងៃ​

​បាងកក​៖ រដ្ឋមន្ត្រី​ថាមពល​ប្រទេស​ថៃ លោក Supattanapong Punmeechaow កាលពី​ថ្ងៃទី​៥ កក្កដា ២០២២ បាន​និយាយថា មាន​ប្រេង​ឆៅ​បម្រុង សម្រាប់​រយៈពេល​ពី ៦០ ទៅ ៧០ ថ្ងៃ​។​

​លោក Supattanapong បាន​និយាយថា ប្រទេស​ថៃ​បាន បង្កើន​ទុន បម្រុង​ប្រេង​របស់ខ្លួន​ទ្វេដង ពី​៣០​ថ្ងៃ នៅក្នុង​ស្ថានភាព​ធម្មតា ដោយសារតែ​វិបត្តិ​ថាមពល​ពិភពលោក​ដែល​បណ្តាលមកពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត​។​

​លោក​បាន​និយាយថា ស្ថានភាព​ស្តុក​ប្រេង​ត្រូវបាន​រាយការណ៍​នៅក្នុង កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដែល​ដឹកនាំ​ដោយ​នាយក រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ចន្ទ ដោយ​គេ​ដឹងថា វា​ជា​លើក ទីមួយ​ហើយ​ដែល​លោក ប្រា​យុទ្ធ បាន​ប្រើប្រាស់​កិច្ចប្រជុំ NSC ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ថាមពល​។​

​លោក​រដ្ឋមន្ត្រី​ថាមពល​បាន​និយាយថា កិច្ចប្រជុំ​មាន​ប្រយោជន៍ ព្រោះ​គ្រប់ សេណា​រី​យ៉ូ​គ្រប់​ទំហំ ត្រូវបាន​ពិភាក្សា​។ លោក ថា ក្រសួង​ថាមពល​បានបង្ហាញ​ផែនការ​បន្ទាន់​ទាំងអស់ ក្នុងករណី​មាន ការខ្វះខាត​ប្រេង​នៅក្នុង​ប្រទេស​។​

​លោក​បាន​បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង​ភ្នាក់ងារ អនុវត្ត​ច្បាប់​សំខាន់ៗ​ក៏បាន​បង្ហាញ​ពី​ផែនការ​របស់​ពួកគេ​ក្នុងការ​ទប់ទល់​នឹង​ស្ថានភាព ប្រសិនបើ​មានការ​ខ្វះខាត​ប្រេង​កើតឡើង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close