ឯកឧត្ដម សុខ ចិន្តា​សោភា លើកទឹកចិត្ត​ឱ្យ​តំណាង​វិស័យ​ឯកជន​នៅក្រៅ​ប្រទេស ស្វែងយល់​បន្ថែម​ពី​សក្ដានុពល​នៅ​កម្ពុជា

​តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា The European House-Ambrosetti នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង “​កម្មវិធី​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន និង​អ៊ីតាលី ” លើក​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Mandarin Oriental ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។

​វេទិកា​កិច្ចសន្ទនា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម YB Dato’ Sri Mustapa Mohamed រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទទួលបន្ទុក​សេដ្ឋកិច្ច​, ឯកឧត្តម ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ម៉ាឡេស៊ី​, លោក Lorenzo Tavzzi ដៃគូ និង​ជា​អ្នកទទួលបន្ទុក​កិច្ច​អភិវឌ្ឍ​អន្តរជាតិ​របស់​ក្រុមហ៊ុន The European House-Ambrosetti, លោក Michelangelo Pipan អនុប្រធាន​សមាគម​អាស៊ាន​-​អ៊ីតាលី​,​លោក លោកស្រី តំណាង​ក្រុមហ៊ុន​អ៊ីតាលី និង​ក្រុមហ៊ុន​នៅក្នុង​តំបន់​អាស៊ាន ដែលមាន​អ្នកចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ សរុប​ប្រមាណ ៣០០​នាក់​។

​នាឱកាស​នោះ ឯកឧត្ដម សុខ ចិន្តា​សោភា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុងចំណោម​ឥស្សរជន​ជាន់ខ្ពស់​ដទៃទៀត​ដែល​រួមមាន ឯកឧត្តម Liugi Di Maio រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​អ៊ីតាលី​, ឯកឧត្តម YB Dato’ Sri Mustapa Mohamed និង ឯកឧត្តម Satvinder Singh អគ្គលេខាធិការរង​អាស៊ាន​។ ឥស្សរជន​ដែល​បាន​ថ្លែង​សុន្ទរកថា​យល់ឃើញ​រួម​ពី​ការចាប់យក​កាលានុវត្តភាព​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​អ៊ីតាលី និង​អាស៊ាន ជាពិសេស​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដែល​ប្រទេស​ក្នុង​ពិភពលោក​កំពុង​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​រៀងៗ​ខ្លួន​ឡើងវិញ បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​។

​ឯកឧត្តម YB Dato’ Sri Mustapa Mohamed រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទទួលបន្ទុក​សេដ្ឋកិច្ច បានលើកឡើង​នូវ​ការអបអរ​សារ​ទរ​ចំពោះ​ការទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការទទួលបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា ៣% របស់​កម្ពុ​ជានា​ឆ្នាំ​២០២១ នៅពេលដែល​ប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​មាន​កំណើនសេដ្ឋកិច្ច​អវិជ្ជមាន​។

​ថ្លែង​ក្នុង​សុន្ទរកថា ឯកឧត្ដម សុខ ចិន្តា​សោភា បាន​លើកឡើងថា បន្ទាប់ពី​មានការ​ចាប់កំណើត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល បានធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម និង​ធុរកិច្ច​នាពេល​បច្ចុប្បន្ន​មានការ​ផ្លាស់ប្តូ​របើ​ធៀប​នឹង​អំឡុង​ពេលមុន​។ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​បាន​ខិតខំ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដោយ​ធ្វើការ​ដាក់ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​មួយចំនួន ដូចជា ច្បាប់​ស្តីពី​វិនិយោគ​ថ្មី និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​។

​ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​តំណាង​វិស័យ​ឯកជន​ដែលមាន​វត្តមាន​ក្នុង​វេទិកា​នេះ​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា ជាពិសេស​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​បាន​ចូល​ជា​ធរមាន​ចាប់ពី​ដើមឆ្នាំ ២០២២​នេះ​។

​សូមជម្រាបថា “​កម្មវិធី​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន និង​អ៊ីតាលី ” បានរៀបចំ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧ នៅ​ប្រទេស​ឥណ្ឌូនេស៊ី លើក​ទី​២ នៅ​ប្រទេស​សិង្ហ​បុរី (​ឆ្នាំ​២០១៨) លើក​ទី​៣ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម (​ឆ្នាំ​២០១៩) និង​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​សម្រាប់​ឆ្នាំ ២០២០ និង ២០២១ និង​លើក​ទី​៦​នេះ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​បាន​ប្រមូលផ្តុំ​ប្រធាន​, នាយក​ប្រតិបត្តិ និង​អ្នកដឹកនាំ​ស្ថាប័ន​ផ្សេងៗ​ទាំង​នៅ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​អ៊ីតាលី ប្រមាណ​ជាង ២.៥០០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close