សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​រដ្ឋមន្ត្រីការបរទេស​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញាត​ឱ្យ​ឯកឧត្តម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

ក្នុងជំនួប​នេះ ឯកឧត្តម សា​លើ​ម​សៃ បាន​គោរព​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ជូន​ដល់​សម្ដេច​តេ​ជោ ហើយ​បាន​សម្ដែង​ការអបអរសាទរ​ជូន​ដល់​សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងមក​។ លទ្ធផល​នៃ​ការបោះឆ្នោត គឺ​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ចិត្ត​របស់​ប្រជាជន​លើ​ការដឹក​នាំនៅ​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ​។

​ឯកឧត្តម សា​លើ​ម​សៃ ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ដែល​ដឹកនាំ​អាស៊ាន ទទួលបាន​ជោគជ័យ ហើយ ឯកឧត្តម សា​លើ​ម​សៃ បាន​បន្តថា ប្រទេស​ឡាវ ប្ដេជ្ញា​គាំទ្រ​កម្ពុជា ក្នុងការ​ដឹកនាំ​ជា​ប្រធាន​អាស៊ាន ជាពិសេស​វិធានការ​របស់​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម សា​លើ​ម​សៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​សម្ដេច​តេ​ជោ និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ត​ជួយ​ដល់​ប្រទេស​ឡាវ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ទាំង​វិស័យ​ដទៃទៀត​។ ឯកឧត្តម ក៏បាន​គោរព​សុំ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ធ្វើយ៉ាងណា​ឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កាន់តែ​ប្រសើរឡើង​មុនពេល​ប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ឡាវ ។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម សា​លើ​ម​សៃ ដែល​បាន​នាំ​ជូន​សម្ដេច​តេ​ជោ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​។ សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ឯកឧត្តម សា​លើ​ម​សៃ ចំពោះ​ការសម្ដែង​នូវ​ការអបអរសាទរ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ការគាំទ្រ​កម្ពុជា ក្នុងការ​ដឹកនាំ​អាស៊ាន ជាពិសេស​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឡាវ យើង​គប្បី​ណា​រួមគ្នា វាយតម្លៃ និង​ដាក់ចេញ​នូវ​នយោបាយ​ដែល​ជួយ​គ្នា​ទៅវិញទៅមក និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close