សិង្ហបុរី រកឃើញករណីជំងឺអុតស្វា ក្នុងស្រុកជាលើកដំបូង
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីជំងឺអុតស្វា ក្នុងស្រុក ជាលើកដំបូង។ ក្រសួងសុខាភិបាលថា ជនរងគ្រោះជាជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី។ គាត់បានធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃទី៦ កក្កដា ២០២២។
ក្រសួងបានបន្ថែមថា អ្នកមានទំនាក់ទំនងជិតស្និទ្ធ នឹងបុរសនោះ ត្រូវបានកំណត់អត្តសញ្ញាណហើយ ដោយពួកគេទាំង៣នាក់ ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ២១ថ្ងៃ ថ្ងៃចាប់តាំងពីទំនាក់ទំនងចុងក្រោយរបស់ពួកគេ ជាមួយអ្នកជំងឺ។
អ្នកជំងឺអុតរូបនោះមានរោគសញ្ញាដូចជាដំបៅស្បែកពោះផ្នែកខាងក្រោម អស់កម្លាំង ហើមកូនកណ្តុរ ក្តៅខ្លួន និងឈឺបំពង់ក។ ប៉ុន្តែក្រសួងថា ស្ថានភាពរបស់គាត់មានស្ថេរភាព ហើយបច្ចុប្បន្នគាត់កំពុងសម្រាកនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង។
ក្រសួងសុខាភិបាលសិង្ហបុរីបន្ថែមថាហានិភ័យនៃការឆ្លងដល់មនុស្សទូទៅនៅតែមានកម្រិតទាប។ អ្នកជំងឺមិនមានទំនាក់ទំនងជាមួយករណីនាំចូល ដែលបានប្រកាសកាលពីខែមុនទេ។
អង្គការសុខភាពពិភពលោកថា អ្នកកើតជំងឺអុតស្វាមានជាង៦ពាន់ករណីហើយ ដែលត្រូវបានរាយការណ៍ ពីប្រទេសចំនួន ៥៨ក្នុងអំឡុងពេលនៃការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។