ទំនាក់ទំនងរុស្ស៊ីនិងអ៊ុយក្រែន កាន់តែតានតឹង ក្រោយស្ថានទូតរុស្ស៊ីរងការវាយប្រហារ
ក្រុមជ្រុលនិយម អ៊ុយក្រែនមួយក្រុមនៅថ្ងៃទី២៦ខែវិច្ឆិកា បានគប់គ្រាប់បែក ចូលទៅស្ថានទូត រុស្ស៊ី ប្រចាំនៅទីក្រុង Kieu ប្រទេសអ៊ុយក្រែន បង្ករឲ្យភាពតានតឹងកាន់តែខ្លាំងឡើង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជនដៃដល់បានគប់គ្រាប់បែកផ្សេង និង កាំជ្រួច ផ្កាភ្លើងចូលទៅស្ថានទូតរុស្ស៊ី ។ ហេតុការវាយប្រហារខាងលើ កើតឡើងក្រោយពេលរុស្ស៊ី ចាប់នាវាចម្បាំងអ៊ុយក្រែន ៣គ្រឿងនៅសមុទ្រខ្មៅ ដោយចោទប្រកាន់នាវាទាំងនោះចូលដែនសមុទ្ររុស្ស៊ី ។ មាន ទូក កបាលជាច្រើន ដែលធ្វើឡើងពីក្រដាស ជាសារ អំពាវនាវ ឲ្យរុស្ស៊ីដោះលេង នាវាចម្បាំង អ៊ុយក្រែន ។
កងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន ០៣គ្រឿង នៅឯតំបន់ដែនសមុទ្រនៃឧបទ្វីបគ្រីមៀ ហើយដែលនេះគឺជាការប្រឈមមុខដាក់គ្នា ដ៏តានតឹងបំផុតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០១៨ នេះ។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអ៊ុយក្រែន ទូកប្រដាប់ដោយកាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស។ បន្ថែមពីលើនេះ ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ខណៈនៅថ្ងៃចន្ទនេះសមាជិកសភាអ៊ុយក្រែននឹងបោះឆ្នោតសម្រេចថា តើត្រូវប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា។ ដោយឡែកភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់ផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។