សហព័ន្ធ​ហែល​ទឹក បណ្តុះ​បាន​ធនធាន​គ្រូបង្វឹក​កម្រិត​២ ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បណ្តុះបណ្តាល​បាន​ធនធាន​គ្រូបង្វឹក​កម្រិត​២ ចំនួន​២២​នាក់ ក្រោម​គម្រោង​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជា​គ្រឹះ​ក្នុងការ​អភិវឌ្ឍ​ធនធាន​កីឡាករ កីឡាការិនី​នៅ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​សម្បូរបែប​សម្រាប់​ថ្ងៃ​អនាគត​។​

​តាមរយៈ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​កីឡាហែលទឹក​កម្រិត​២ (FINA Swimming Coaches Certification Course-Coach Level2) ក្រោម​វត្តមាន​លោក ហែម ចាន់​លី អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​គូសបញ្ជាក់ថា វគ្គ​សិក្សា​នេះ​ត្រូវបាន​ចែកជា​២​វគ្គ គឺ​វគ្គ​សិក្សា​តាមរយៈ​អន​ឡាញ ចាប់ពី​ថ្ងៃទី​០៨ ខែមិថុនា ដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២២ និង​វគ្គ​សិក្សា​ដោយផ្ទាល់​ជាមួយ​គ្រូឧទ្ទេស បាន​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ និង​រៀបចំ​អំពី​ផែនការ​ហ្វឹកហាត់ បញ្ជាក់​អំពី​កាលវិភាគ​នៃ​ការសិក្សា​វគ្គ​បណ្តុះបណ្តាល ការរៀបចំ​ខ្លួន​របស់​គ្រូបង្វឹក សិក្សា​ស្វែងយល់​អំពី​កាយ​សិរី​សាស្ត្រ និង​សរីរវិទ្យា (​ធាតុ​ផ្សំ​នៅក្នុង​រូបរាងកាយ​របស់​មនុស្ស​) សិក្សា​អំពី​វិទ្យាសាស្ត្រ​កីឡា នៅក្នុង​ប្រភេទ​កីឡាហែលទឹក​, ការពិនិត្យ​ទៅលើ​ទីលាន​ហ្វឹកហាត់ និង​អាង​ហែល​ទឹក​, ការប្រមូល​ទិន្នន័យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​, ការពិនិត្យ​ទៅលើ​ការអភិវឌ្ឍ​របស់​កីឡាករ កីឡាការិនី​តាម​កម្រិត​អាយុ​ជាដើម​។​

​ចំពោះ​ការវាយតម្លៃ​វគ្គ​សិក្សា សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ ៧០%, និទ្ទេស​ល្អ​បង្គួរ ២០% និង​និទ្ទេស​មធ្យម ១០%​។
​វគ្គ​បណ្តុះបណ្តាល​នេះ​អាច​រៀបចំ​ទៅបាន ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ការ​ផ្តល់នូវ​គម្រោង​ថវិកា​ប្រចាំឆ្នាំ​មកកាន់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ​ឱ្យ​កាន់តែ​រីក ចម្រើន និង​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ ក្នុងការ​ចង្អុលបង្ហាញ ក៏ដូចជា​លើកទឹកចិត្ត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close