សម្រាប់ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង
ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅធានានូវសុខុមាលភាព និងភាពពេញចិត្តជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យសមុទ្រលើកទី០៧ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុងខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីសារាចរណែនាំ៧ចំណុច ជូនប្រតិបត្តិការទេសចរណ៍ ដែលប្រកបអាជីវកម្មនៅខេត្តកោះកុង។
សេចក្តីណែនាំទាំង ៧ចំណុច នោះរួមមាន៖
១) សោភ័ណភាពទូទៅ សណ្តាប់ធ្នាប់ និងអនាម័យ ៖ ក្នុងនោះគ្រប់អាជីវកម្មទាំងអស់ត្រូវរៀបចំការតុបតែងលម្អ និងបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ, ត្រូវលើកស្លាកយីហោធំៗជាភាសាខ្មែរ។ល។
២) គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច៖ ផលិតផល និងសេវាកម្មផ្តល់ជូនភ្ញៀវ ត្រូវមានគុណភាព ផាសុកភាព អនាម័យល្អ និងសុវត្ថិភាព, បុគ្គលិកផ្នែកផ្តល់សេវាកម្មត្រូវមានឯកសណ្ឋានលក្ខណៈប្រពៃណីខ្មែរ ឬបង្ហាញពីលក្ខណៈពិសេសរបស់តំបន់ ឬពិធីបុណ្យសមុទ្រជាដើម។
៣) បញ្ជីរាយនាមសេវាកម្ម និងតម្លៃ៖ ត្រូវមានដាក់តាំងបញ្ជីរាយនាមសេវាកម្មបង្ហាញនូវបរិវេណខាងមុខអាជីវកម្ម ឬនៅកន្លែងទទួលភ្ញៀវ, បញ្ជីរាយនាមសេវាកម្ម ត្រូវមានសរសេរជាភាសាខ្មែរ, ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ត្រូវរក្សាតម្លៃសេវាកម្មរបស់ខ្លួនមិនឲ្យលើសពីថ្ងៃធម្មតាហួសហេតុ និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មឲ្យកាន់តែល្អថែមទៀត។
៤) ការគ្រប់គ្រង់សំណល់៖ មានការបែងចែកសំណល់, មានការផ្សព្វផ្សាយ និងណែនាំដល់ភ្ញៀវអំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក, ចំពោះអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវដាក់ធុងសំរាមនៅគ្រប់តុអាហារ និងមានបុគ្គលិកប្រចាំការសម្អាត។
៥) បង្គន់អនាម័យ៖ ត្រូវរៀបចំឲ្យបានល្អស្របតាមស្តង់ដាសាធារណៈកម្ពុជា ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ , មានប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងត្រូវចាត់ឲ្យមានបុគ្គលិកប្រចាំការដើម្បីលាងសម្អាតជាប្រចាំ។
៦) ការណែនាំបន្ថែមអំពីមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ៖ យានយន្តដឹកភ្ញៀវទេសចរត្រូវធានាគុណភាពស្អាតជានិច្ច និងមិនអនុញ្ញាតឲ្យដឹកជញ្ជូនភ្ញៀវទេសចរលើសពីកៅអីដែលបានកំណត់, ត្រូវមានផែនទីបង្ហាញផ្លូវ តារាងតម្លៃ ធុងសំរាម លេខទូរស័ព្ទទំនាក់ទំនង និងស្លាកសញ្ញាសម្គាល់, ម៉ូតូជួល ឬរ៉ឺម៉ទេសចរណ៍ ត្រូវមានពួកសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរព្រមទាំងអ្នកបើកបរ និងមានកញ្ចក់មើលក្រោយ។
៧) ការណែនាំចំពោះរមណីយដ្ឋានទេសចរណ៍៖ ត្រូវមានបំពាក់ស្លាកសញ្ញាសម្គាល់នៅរាល់កន្លែងកម្សាន្ត ឬកន្លែងផ្តល់សេវាកម្មផ្សេងៗដែលស្ថិតនៅក្នុងរមណីយដ្ឋានទេសចរណ៍, ត្រូវមានផែនទីបង្ហាញអំពីផ្នែកផ្សេងៗរបស់រមណីយដ្ឋានទេសចរណ៍នៅច្រកចេញចូល និងតាមផ្លូវបំបែកនីមួយៗ ព្រមទាំងត្រូវមានការណែនាំអំពីសុវត្ថិភាពឲ្យបានត្រឹមត្រូវចំពោះរមណីយដ្ឋានទេសចរណ៍ ដែលមានកន្លែងលេងទឹក ជ្រោះជ្រលង តំបន់ភ្នំ តំបន់ព្រៃ ។ល។
គួរបញ្ជាក់ដែរថា ពិធីបុណ្យសមុទ្រឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ពោលគឺនៅសល់តែប្រមាណ១៨ថ្ងៃទៀតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។