ប្រទេសទីបីទទួលស្គាល់ឯករាជ្យភាពតំបន់ Donbass នៅអ៊ុយក្រែន
កូរ៉េខាងជើងប្រកាសទទួលស្គាល់តំបន់ឯករាជ្យ Donbass បានធ្វើឲ្យអ៊ុយក្រែនខឹងសម្បាយ៉ាងខ្លាំង ហើយសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីសារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី១៣ខែកក្កដា បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានសម្រេចទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋ Donetsk (DPR) និងសាធារណរដ្ឋ Lugansk (LPR) ក្នុងតំបន់ Donbass ។ ទន្ទឹមនឹងនោះទីក្រុងព្យុងយ៉ាងមានបំណងចង់បង្កើតទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសទាំងពីរ ។
សកម្មភាពខាងលើ ធ្វើឲ្យកូរ៉េខាងជើង ក្លាយទៅជាប្រទេសទី៣ហើយដែលទទួលស្គាល់ ឯករាជ្យភាពនៃប្រទេសសាធារណរដ្ឋទាំងពីរខាងលើ បន្ទាប់ពីរុស្ស៊ីទទួលស្គាល់នៅថ្ងៃទី២១ខែកុម្ភៈ និងស៊ីរី ទទួលស្គាល់នៅថ្ងៃទី ២៩ខែមិថុនា ហើយកូរ៉េខាងជើងទទួលស្គាល់នៅថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២២។
សកម្មភាពខាងលើ ធ្វើឲ្យអ៊ុយក្រែនសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានពិចារណាឃើញថាការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។