ក្រោយធ្វើដំណើរចម្ងាយផ្លូវជាង ៤៨០លានគីឡូំម៉ែត្រ យានអាវកាស បានចុះចត នៅលើភព ព្រះអង្គារ ដោយជោគជ័យ
នៅពេលនេះយ៉ាងអាវកាស InSight បានចុះចត់ដោយជោគជ័យ នៅលើភព ព្រះអង្គារ ដោយបាន ធ្វើដំណើរចម្ងាយផ្លូវ ៣០១.២២៣.៩៨១ម៉ៃល៍ (៤៨០.០០០.០០០ គីឡូម៉ែត្រពីផែនដី)ជាមួយនឹងល្បឿនលឿនរហូតដល់ទៅ៦.២០០ម៉ៃល៍ក្នុង១ម៉ោងនៅក្នុងទីអវកាស។
ប៉ុន្មាននាទីក្រោយពេលចុះចត យានអវកាស Insightបានបញ្ជូនសំឡេងផ្តល់សញ្ជាផ្លូវការមកកាន់អង្គការ NASAដើម្បីបញ្ជាក់ថា វាបានចុះចតដោយសុវត្ថិភាព ដោយភ្ជាប់មកជាមួយទាំងរូបថតលើផ្ទៃភពព្រះអង្គារ ជាកន្លែងដែលវាបានចុះចតទៀតផង ។
ដោយឡែក ក្រុមគ្រប់គ្រងនៅឯមន្ទីរពិសោធន៍ និងស្រាវជ្រាវ Jet Propulsion Laboratory របស់អង្គការNASAបានផ្ទុះការអបអរសាទរ និងសប្បាយរីករាយ ក្រោយការចុះចតប៉ះនឹងដីភពព្រះអង្គារ ត្រូវបានគេប្រកាសឲ្យដឹង។ការចុះចតនេះដែរ ត្រូវបានគេមើលនៅទូទាំងពិភពលោក ហើយថែមទាំងមានការផ្សាយផ្ទាល់លើអគារប៉មផ្សារភាគហ៊ុន Nasdaq Stock Market ស្ថិតនៅក្នុងទីលានកម្សាន្ត Times Square របស់ទីក្រុងញូវយ៉ក់ ថែមទៀតផង។
អំឡុងសន្និសីទកាសែតមួយរបស់អង្គការ NASAក្រោយការចុះចត ក្រុមអវកាសយានិកនៅឯស្ថានីយ៍អវកាសអន្តរជាតិ បានទូរស័ព្ទដើម្បីសម្តែងការអបអរសាទរដល់ក្រុមបេសកកម្ម ហើយពួកគេបាននិយាយថា ពួកគេបានតាមដានការផ្សាយមួយនេះដោយក្តីរំភើប និងយកចិត្តទុកដាក់ជាទីបំផុត។
តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល ០២ឆ្នាំ តាមការគ្រោងទុក។ បន្ទាប់ពីការចុះចតជោគជ័យនោះ យាន InSight ក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA ផងដែរ រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSight នោះគឺ MarCo CubeSats។
គួរបញ្ជាក់ថា InSight បានចុះទៅជាន់ដល់លើផ្ទៃរបស់ Mars នាវេលាម៉ោងប្រហែល ០៣៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) ក្រោយការធ្វើដំណើរសរុបចម្ងាយ ៤៨០លានគីឡូម៉ែត្រពីផែនដី។
បើតាមក្រុមការងារបេសកកម្ម InSight ក្នុងរយៈពេល ០២ម៉ោង មុនមុជចូលក្នុងបរិយាកាសរបស់ Mars គឺមានការបញ្ជូនកូដមួយចំនួនទៀតទៅឲ្យវាជាលើកចុងក្រោយ ដែលបានជួយនាំផ្លូវយានអវកាសនេះ ឲ្យធ្វើការចុះចតដោយជោគជ័យ ហើយក្រោយពីនោះអ្វីៗផ្សេងទៀត ត្រូវបានប្រព្រឹត្តទៅក្រោមការបញ្ជាដោយស្វ័យប្រវតិ្ត នៅលើយាន InSight ផ្ទាល់។
InSight បានប្រើប្រាស់ខែលពិសេសមួយ ដើម្បីទប់ទល់កម្តៅប្រមាណ ១,៥០០អង្សាសេ នៅពេលវាទម្លាក់ខ្លួនជាមួយល្បឿនជិត ២០,០០០គីឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់បរិយាកាសភពអង្គារ។ ក្រោយមកទៀត វាបានប្រើឆ័ត្រយោងដើម្បីបន្ថយល្បឿន រួចផ្តាច់ខ្លួនចេញពីខែលការពារកម្តៅ។ ពេលនោះ InSight បានចាប់ផ្តើមបញ្ចេញជើងទម្រទាំងបីរបស់វា ហើយផ្តាច់ឆ័ត្រយោងចោល និងបញ្ឆេះរ៉ុក្កែតទប់ល្បឿន ដើម្បីធ្វើការចុះចតដោយសន្សឹមៗនៅតំបន់ Elysium Planitia នៃ Mars ដោយជោគជ័យតែម្តង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។