ILO បន្តគាំទ្រក្រសួងទេសចរណ៍ លើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ ក្នុងខេត្តចំនួន៣
ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Yutong Liu នាយកគម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូរ ILO-China ជួបសម្តែងការគួរសម្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការជំរុញកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅចូលរួមចំណែកលើកកម្ពស់ជំនាញ ស្តារជំនាញវិជ្ជាជីវៈឡើងវិញក្រោយវិបត្តិ និងលើកកម្ពស់គុណភាពសេវាកម្មក្នុងខេត្តគោលដៅខាងលើផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានគាំទ្រដល់ក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីបណ្តុះបណ្តាលជំនាញទេសចរណ៍ជាពិសេសបុគ្គលិកកំពុងបម្រើការងារបច្ចុប្បន្ន ដែលកន្លងមកអង្គការ ILO បានគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោលបានចំនួន ២៤រូប និងអ្នកជំនាញចំនួន ៣១រូបលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងការបណ្តុះបណ្តាលបន្តខាងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ដល់អ្នកជំនាញច្រើនជាង ២០០រូប។
ឯកឧត្តមបន្តទៀតថា ការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) នឹងផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១២៥រូប និងអ្នកជំនាញចំនួន ១៥០រូប លើជំនាញសេវាកម្មម្ហូបអាហារនិងភេជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច ដែលការបណ្តុះបណ្តាលនេះនឹងគាំទ្រដល់យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងការពង្រឹងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទថ្មី ដោយផ្តោសំខាន់លើអភិក្រមចំនួន ៣គឺ៖ ស្តារឡើងវិញ (Recover) បណ្តុះបណ្តាលបន្ថែម (Retrain) និងថែរក្សាបុគ្គលិក (Retain)។
លោក Yutong Liu នាយកគម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូរ ILO-China បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ដែលសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ និងបានប្រើប្រទេសឡើងវិញទាំងស្រុងដែលនាំដល់កំណើនអ្នកធ្វើដំណើរ និងទេសចរ ឡើងដល់ប្រមាណជាង ៣០០%នៅឆមាសទី១ឆ្នាំ២០២២។
លោកបានបន្តទៀតថា អង្គការ ILO នឹងបន្តគាំទ្រដល់ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីជំរុញការបណ្តុះបណ្តាលបន្ថែដល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ និងពិនិត្យលទ្ធភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការភ្ជាប់ទំនាក់ទំនងរវាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ជាមួយសាលាបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅប្រទេសចិនផងដែរ។
លោកបានស្នើឲ្យគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលជំនាញធ្វើម្ហូបបែបចិនដល់ចុងភៅវ័យក្មេងកម្ពុជា ដោយអង្គការ ILO នឹងបញ្ជូនអ្នកជំនាញចុងភៅម្ហូបចិនមកធ្វើការបណ្តុះបណ្តាលនៅកម្ពុជា ឬបញ្ជូនចុងភៅវ័យក្មេងកម្ពុជាទៅហ្វឹកហាត់ការងារនៅប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។