សមត្ថកិច្ច បង្ក្រាប​ទីតាំង​លក់​ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច ឃាត់​មនុស្ស ៣​នាក់​

​ភ្នំពេញ​៖ កម្លាំង​ជំនាញ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​គោលដៅ​លក់​ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន​៣​គោលដៅ​ជា​បន្តបន្ទាប់​។​

​ទីតាំង​ទាំង​៣​ដែល​ត្រូវបាន​ចុះបង្ក្រាប​នោះ​រួមមាន​៖
* ទីតាំង​ទី​១៖ នៅ​ចំណុច មុខ​ផ្លូវ​ប៉ុស្តិ​ទូរទស្សន៍​បាយ​ន្ត សង្កាត់​និរោធ ខណ្ឌ​ច្បារ​អ​ពៅ រាជធានី​ភ្នំពេញ (​ចែកចាយ​)​។​
* ទីតាំង​ទី​២៖ នៅ​ចំណុច ផ្ទះ​លេខ​៣០ ផ្លូវ P១០F បូរី​ប៉េង​ហួត (​បឹង​ស្នោ​) ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ដាក់តាំង​លក់ ឧបករណ៍​បារី​អេ​ឡិច​ត្រូ​និ​ច​)​។​
* ទីតាំង​ទី​៣៖ នៅ​ចំណុច ផ្ទះ​លេខ ៩៧ ផ្លូវ​លេខ​M០២ បុរី​ប៉េង​ហួត (​បឹង​ស្នោ​) ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ស្តុក​ឧបករណ៍​បារី​អេ​ឡិច​ត្រ​និ​ច​)​។​

​ជា​លទ្ធផល បាន​អញ្ជើញ​មនុស្ស ០៣​នាក់​៖ ឈ្មោះ ខាត់ សារិទ្ធ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ភួង ចេង​យី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ភាវ ផង់ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ ខ្មែរ និង​វត្ថុតាង​ចាប់​យកបាន​ឧបករណ៍​សម្រាប់​ជក់ YOOZ(E.CIGARETTE)​ចំនួន ៨៦​កេស ស្មើ ៥៤០០​ដើម​, ទឹក​សម្រាប់​ជក់ YOOZ (E.CIGARETTE) ចំនួន​១០៥​កេស ស្មើ​៤០៥០​ប្រអប់ (១២១៥០​ដប​)

​បច្ចុប្បន្ន មនុស្ស​៣​នាក់​ខាងលើ បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​អាជីវកម្ម រួច​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ចំពោះ​វត្ថុតាង​ចាប់យក​ខាងលើ​រក្សាទុក​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រង់ចាំ​មាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​យកទៅ​បំផ្លាញចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close