សភា​ស្រីលង្កា យល់ព្រម​ឲ្យ​លោក​ប្រធានាធិបតី ចុះចេញ​ហើយ​!

​កូឡុំបូ​៖ លិខិត​លាឈប់​ពី​តំណែង​ជា​ប្រធានាធិបតី​ស្រីលង្កា​របស់លោក Gotabaya Rajapaksa ត្រូវ​បានទទួល​យល់ព្រម​ហើយ នេះ​បើតាម​ប្រធានសភា​ប្រទេស​ដែល​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ប្រកាស​ឲ្យ​ដឹង នា​ថ្ងៃទី​១៥ កក្កដា ២០២២​នេះ​។​

​លោក Mahinda Yapa Abeywardana ប្រធានសភា​ស្រីលង្កា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា «​លោក Gotabaya ចុះចេញ​ដោយ​ស្របច្បាប់​ហើយ ដោយមាន​សុ​ពុល​ភាព ចាប់ពី​ថ្ងៃទី​១៥ កក្កដា នេះ … ខ្ញុំ​បានទទួល​ឯកភាព​លើ​លិខិត​លាឈប់​ហើយ​»​។​

​តាម​រដ្ឋធម្មនុញ្ញ លោក នាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែល​ក៏​ជា​អ្នក​ត្រូវបាន​ក្រុមបាតុករ​ទាមទារ​ឲ្យ​ចុះចេញ​ដែរនោះ នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី រ​ហូរ​ដល់​សភា​បោះឆ្នោត​រើស​អ្នកថ្មី ជំនួស​តំណែង​របស់លោក Rajapaksa សម្រាប់​អាណត្តិ នៅ​សេសសល់​។ ​សភា​នឹង​កោះប្រជុំ នា​ថ្ងៃ​សៅរ៍ ដោយ​សង្ឃឹមថា នឹង​បញ្ចប់​ដំណើរការ​បោះឆ្នោត ជ្រើសរើស​សមាជិកសភា​ណា​ម្នាក់ មក​ធ្វើជា​ប្រធានាធិបតី ក្នុងពេល ៧​ថ្ងៃ​។​

​គួររម្លឹកថា លោក Gotabaya បាន​ចាកចេញ​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃ​ពុធ ទៅកាន់​ប្រទេស​ម៉ា​ល់​ដៀវ មុន​ទៅ​ពេល​ដល់​ប្រទេស​សិង្ហ​បុរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close