លោកខាងលិចមិនអាចបន្តផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងសង្គ្រាម​យូអង្វែងឡើយ

នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធមួយរបស់មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ប្រ​ទេស​​លោកខាងលិច មិនមានឃ្លាំងអាវុធគ្រប់គ្រាន់សម្រាប់បន្តយុទ្ធនាការយោធា អូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ។

លោកស្រី Kathy Warden នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Northrop Grumman បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវការសំណើរច្បាស់លាស់ពីរដ្ឋាភិបាលប្រទេសលោកខាងលិច នៅអាវុធប្រភេទណាដែលប្រទេសទាំងនោះត្រូវការ ។ លោកស្រីបញ្ជាក់ទៀតថា «ចំណុចខាងលើពិតជាមានសារសំខាន់យ៉ាងខ្លាំង ដោយសារតែការថយចុះនៃអាវុធក្នុងឃ្លាំង» ។

លោកស្រីបន្តទៀតថា ឃ្លាំងអាវុធនាពេលបច្ចុប្បន្ន មិនគ្រប់គ្រាន់ សម្រាប់សង្គ្រាមអូសបន្លាយនោះឡើយ បើទោះបីលោកខាងលិចនៅមិនទាន់អស់អាវុធពីឃ្លាំងក្តី។

ពាក់ព័ន្ធនេះដែរ សារព័ត៌មានរ៉យទ័រ បានដកស្រង់សំដី អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរបានបញ្ជាក់ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញថា «អនុត្តរភាព» របស់លោកខាងលិចកំពុងឈានទៅរកទីបញ្ចប់ ខណៈចិនកំពុងងើបមុខ ឡើងជាកំពូលមហាអំណាច ក្នុងភាពជាដៃគូជាមួយរុស្ស៉ី។

បើតាមលោក តូនី ប្ល៊ែរ ពិភពលោកសព្វថ្ងៃ កំពុងស្ថិតនៅក្នុងចំណុចរបត់ថ្មីមួយនៃប្រវត្តិសាស្ត្រ បើធៀបទៅនឹងចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ឬក្រោយការដួលរលំនៃសហភាពសូវៀត ដោយបច្ចុប្បន្នច្បាស់ណាស់ លោកខាងលិចមិនមែនកំពុងរះឡើងនោះទេ។ ថ្លែងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «យើងកំពុងឈានទៅរកទីបញ្ចប់នៃ អនុត្តរភាពសេដ្ឋកិច្ច និងនយោបាយ ខណៈពិភពលោកកំពុងឆ្ពោះទៅរកពិភពមានប៉ូល ២ ឬប៉ូលច្រើន ហើយការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដ៏ធំ នៅក្នុងស.វនេះ នោះគឺចិន មិនមែនរុស្ស៉ីឡើយ»។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថាលោកខាងលិចបានប្រកាសសង្រ្គាមសេដ្ឋកិច្ចដើម្បីធ្វើឱ្យរុស្ស៉ីឯកោ តាមរយៈការដាក់ទណ្ឌកម្ម ដែលនេះនឹងជំរុញឱ្យរុស្ស៉ីបោះដៃទៅរកមហាអំណាចដូចជា ចិន និងឥណ្ឌា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close