ករណីឃាតកម្ម ប្អូនចាក់សម្លាប់បងឯង សមត្ថកិច្ចគាស់សាកសពមកធ្វើកោសល្យវិច្ច័យ ក្រោយក្រុមគ្រួសារលាក់បាំង
(ភ្នំពេញ) ៖ ដោយមានការសង្ស័យ និងសេចក្តីរាយការណ៍ពីក្រុមគ្រូពេទ្យនៅថ្ងៃទី១៨ ខែកក្កដា នេះ សមត្ថកិច្ចបានចុះទៅគាស់សាកសពបុរសម្នាក់នៅចំណុចសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មកធ្វើកោសល្យវិច្ច័យ ហើយក៏បានរកឃើញថា បុរសរូបនោះបានស្លាប់ដោយសារករណីឃាតកម្ម ខណៈក្រុមគ្រួសារខំលាក់បាំងថា ជាករណីជំងឺរ៉ាំរ៉ៃ។
បើតាមសេចក្តីរាយការណ៍ នៅយប់ថ្ងៃទី១៧ ខែកក្កដា ក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យពិនិត្យឃើញថា បុរសខាងលើនេះគឺមិនមានស្លាប់ដោយសារជំងឺទេ ដោយសារនៅលើរាងកាយរបស់បុរសខាងលើគឺមានស្នាមរបួស។ សាកសពក៏បានដឹកមកខាងក្រុមគ្រួសារវិញ ហើយក៏បានកប់សពបុរសនោះ ក្នុងជម្រៅ២ម៉ែត្រនៅដីឡូត៍នៅក្រោយផ្ទះដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។
ទើបនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចថា បុរសខាងលើបានស្លាប់ដោយសារជំងឺសួត ខណៈសមត្ថកិច្ចមិនទាន់បានធ្វើកោសល្យវិច្ឆ័យលើសពបុរសនោះនៅឡើយ។ នៅរសៀលម៉ោង១នៅថ្ងៃដដែល សមត្ថកិច្ចបានចុះទៅសាកសួរដល់មន្ទីរពេទ្យ ទើបខាងពេទ្យបានប្រាប់ថា រកឃើញស្លាកស្នាមនៅលើរូបកាយបុរសជនរងគ្រោះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនប្អួនស្រី ដែលមានជំងឺសសៃប្រាសាទ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងបានគាស់សាកសព ដើម្បីយកមកធ្វើកោសល្យវិច្ឆ័យ។
ក្រោយធ្វើកោសល្យវិច្ឆ័យ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានអះអាងថា ករណីនេះពិតជាករណីឃាតកម្ម ចាក់សម្លាប់បងប្រុសបង្កើតដោយប្រើកាំបិតចុងស្រួចប្រវែង២២សង់ទីម៉ែត្រ មកចាក់ចំខ្នងខាងក្រោយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រួចហើយក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង។
អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារដំបូងឡើយ ជនរងគ្រោះបានយកថ្នាំឲ្យប្អូនស្រីលេប តែប្អូនស្រីមិនព្រមលេប ទើបធ្វើឲ្យមានទំនាស់គ្នា ឈានដល់ប្អូនស្រីខឹង ទើបហ៊ានយកកាំបិតចាក់មកលើបងប្រុស។
ជនរងគ្រោះមានឈ្មោះថា ឡោះ សុខគ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចាម មុខរបរជាអ្នកលាងម៉ូតូនៅផ្ទះលេខ១៥៧០G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះថា ឡោះ ហាលីម៉ាស់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងលំនៅជាមួយជនរងគ្រោះ។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនមានដូចជា កូនកំាបិតចុងស្រួចចំនួន១ដើមប្រវែង២២សង់ទីម៉ែត្រ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចបន្តធ្វើសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។