មេរោគ “ម៉ាបឺក” ដែលបង្កឱ្យកើតជំងឺអេបូឡា ចាប់ផ្តើមឆ្លងនៅប្រទេសហ្គាណា
ហ្គាណាបានបញ្ជាក់ពីករណីពីរដំបូងរបស់ខ្លួននៃមេរោគម៉ាបឺក (Marburg) ដ៏ប្រល័យដែលជាជំងឺឆ្លងខ្លាំងនៅក្នុងគ្រួសារតែមួយនឹងវីរុសដែលបង្កឱ្យកើតជំងឺអេបូឡា។
ហ្គាណានិយាយថា អ្នកជំងឺទាំងពីរបានស្លាប់ថ្មីៗនេះនៅក្នុងមន្ទីរពេទ្យក្នុងតំបន់អាសានទី (Ashanti) ភាគខាងត្បូង។សំណាករបស់ពួកគេត្រូវបានផ្ទៀងផ្ទាត់ដោយមន្ទីរពិសោធន៍ក្នុងប្រទេសសេណេហ្គាល់។
មន្ត្រីសុខាភិបាលក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះបាននិយាយថា មនុស្ស ៩៨ នាក់ឥឡូវនេះកំពុងស្ថិតក្រោមចត្តាឡីស័ក ក្នុងនាមជាករណីប៉ះពាល់សង្ស័យ។
ឥឡូវនេះមិនទាន់មានការព្យាបាលសម្រាប់មេរោគម៉ាបឺកទេ ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា ការផឹកទឹកច្រើននិងការព្យាបាលរោគសញ្ញាជាក់លាក់មួយចំនួនគឺជួយបង្កើនឱកាសរស់រានមានជីវិតរបអ្នកជំងឺ។
មេរោគនេះឆ្លងទៅមនុស្សពីប្រចៀវហើយឆ្លងរវាងមនុស្សតាមរយៈការចម្លងសារធាតុរាវក្នុងខ្លួន។
វាជាជំងឺធ្ងន់ធ្ងរដែលនាំឱ្យស្លាប់ភាគច្រើន ដោយរោគសញ្ញារួមមាន ឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ក្អួតឈាម និងហូរឈាម។
ក្រុមមន្ត្រីបានព្រមានប្រជាជនឱ្យនៅឆ្ងាយពីរូងភ្នំនិងត្រូវចម្អិនសាច់សត្វទាំងអស់ឱ្យបានហ្មត់ចត់ មុននឹងទទួលទានវា។
WHO បាននិយាយថា នៅទ្វីបអាហ្វ្រិក ការផ្ទុះមេរោគនេះមុនៗនិងករណីមួយៗត្រូវបានរាយការណ៍នៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា។ ការផ្ទុះមេរោគម៉ាបឺកដំបូងបង្អស់គឺនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៦៧ ដែលមានមនុស្សប្រាំពីរនាក់ស្លាប់។
មេរោគនេះបានសម្លាប់មនុស្សជាង ២០០ នាក់នៅក្នុងប្រទេសអង់ហ្គោឡាក្នុងឆ្នាំ ២០០៥ ដែលជាការផ្ទុះមេរោគដ៏សាហាវបំផុតក្នុងកំណត់ត្រា នេះបើយោងតាមស្ថាប័នសុខភាពពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។