អតីតអ្នកថតរូបនៅគុកទួលស្លែងក្នុងរបបខ្មែរក្រហម ត្រូវតែងតាំងជាបេសកជនពិសេសរបស់លោក ញឹក ប៊ុនឆៃ
គណបក្សខ្មែររួបរួមជាតិ បានសម្រេចតែងតាំងលោក ញ៉ែម អេន ជាបេសកជនពិសេសរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចុះជួយពង្រឹងមូលដ្ឋាន។ ការតែងតាំងនេះ គឺក្រោយពីលោក ញ៉ែម អេន បានសម្រេចលាលែងពីសមាជិកគណ:កម្មាធិការនាយកនឹងប្រធានគណកម្មាធិការគណបក្សខ្មែរស្រឡាញ់ជាតិខេត្តសៀមរាបកាលពីដើមខែនេះ។

លោក ញ៉ែម អេន បានឱ្យដឹងថា លោកបន្តដំណើរចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញ៉ឹក ប៊ុនឆៃ ។ យើងរួបរួមដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍សាធារណៈ ដោយមិនយកខ្មែរណាមួយធ្វើជាសត្រូវឡើយ ។ ដាច់ខាត ចង្កឹះមួយចង្កឹះដប់។ល។
លោកបន្តថាលោកចូលរួមជាមួយគណបក្សខ្មែររួមរួមជាតិ ហើយការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣លោកសង្ឃឹមថានឹងមានអាសន:ក្នុងរដ្ឋសភា ជាក់ជាមិនខាន ។
សូមជម្រាបថា លោកញ៉ែម អេន ជាអ្នកថតរូបនៅមន្ទីរ ស‑២១ របស់ខ្មែរក្រហម។ កាលពីឆ្នាំមុន លោកបានលាលែងតំណែងពីអភិបាលរង ស្រុកអន្លង់វែង ដើម្បីមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ក្រោយមកទៅចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ហេីយបានលាលែងមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។