អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលសាលាឆាន់បុរាណ នៅវត្តរាជបូណ៌
សាលាឆាន់បុរាណ (ផ្នែកតួអគារ) នៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី២ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ការជួសជុលដំណាក់កាលទី២នេះ គឺផ្តោតលើការជួសជុលផ្នែកតួអគារ រួមមាន ជួសជុលជញ្ជាំង កាំជណ្តើរ ក្បាច់តាមខឿនជើងជញ្ជាំង និងសម្អាតការ៉ូបាត សសរ ពិដាន។ល។ សាលាឆាន់នេះ មានសភាពទ្រុឌទ្រោមខ្លាំង ពុកផុយ និងខ្លះបានធ្លាក់បាក់។ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងផ្នែកដែលពុកផុយ ធ្លុះឆ្លាយឡើងវិញ និងដោយមានការកែលម្អនៅកន្លែងជាច្រើន។
អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្ស និងជួសជុលសាលាឆាន់ (ផ្នែកតួអគារ) វត្តរាជបូណ៌ដំណាក់កាលទី២ ដោយចាប់ផ្តើមតាំងពីដើមខែកក្កដា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ចុងខែតុលា ឆ្នាំ២០២២ខាងមុខ។
ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរក្នុងវិស័យព្រះពុទ្ធសាសនានេះឱ្យបានគង់វង្ស ព្រមទាំងអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត។
សូមបញ្ជាក់ថា ដំណាក់កាលទី១ គឺជួសជុលផ្នែកដំបូល មានដូចជា គ្រឿងបង្គំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្ដារ ព្រំខ្នងដំបូល និងជហ្វាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។