ឯកឧត្តម សាយ សំ​អាល់​៖ សម័យ​តេ​ជោ​សន្តិភាព គឺជា​ឱកាស​មាស​សម្រាប់​បងប្អូន​ខ្មែរ​អ៉ិ​ស្លាម ប្រតិបត្តិ​សាសនា​យ៉ាង​ពេញលេញ​

«​សម័យ​តេ​ជោ​សន្តិភាព គឺជា​ឱកាស​មាស​សម្រាប់​បងប្អូន​ខ្មែរ​អ៉ិ​ស្លាម​អាច​គោរព​ប្រតិបត្តិ​សាសនា ជាមួយនឹង​សិទ្ធិសេរីភាព បង្ហាញ​អត្តសញ្ញាណ​ខ្លួនឯងបាន​យ៉ាង​ពេញលេញ​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ថ្លែង​ក្នុងឱកាស​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ខ្មែរ​អ៉ិ​ស្លាម នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២​។ ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម តឹក​រ៉េត សំរេច រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​បងប្អូន​ខ្មែរ​អ៉ិ​ស្លាម ជាច្រើនរូប​ទៀត​។​

​មានមតិ​សំណេះសំណាល ឯកឧត្តម សាយ សំ​អាល់ បាន​គូសបញ្ជាក់​ឱ្យដឹងទៀតថា កម្ពុជា​ជា​ប្រទេស​ពហុវប្បធម៌ ដែល​បើកទូលាយ និង​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ការគោរព​ប្រតិបត្តិ​សាសនា​ដែល​ខ្លួន​ពេញចិត្ត​។ ជាក់ស្តែង បច្ចុប្បន្ន បងប្អូន​ខ្មែរ​អ៉ិ​ស្លាម មិន​ត្រឹមតែ​អាច​ប្រតិបត្តិ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី រៀន​ភាសា ឬ ការសាងសង់​វិហារ​សាសនា​របស់ខ្លួន ដោយ​គ្មាន​ការរើសអើង និង​ឃាត់ឃាំង​ឡើយ​។​

​ឯកឧត្តម​បានឱ្យដឹង​ទៀតថា ទោះបីជា​បងប្អូន​ខ្មែរ​អ៉ិ​ស្លាម មាន​សិទ្ធិ​ក្នុងការ​គោរព​ជំនឿ​សាសនា ក៏ដោយ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា ពង្រឹងសមត្ថភាព​ខ្លួន ដើម្បី​ជា​កោសិកា​ល្អ​ក្នុងសង្គម ដែល​អាច​ចូលរួម​ក្នុង​បុព្វហេតុ​កសាង និង​អភិវឌ្ឍន៍​ជាតិ​បន្ត​រីកចម្រើន​ទៅមុខទៀត​។ ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​ខ្មែរ​អ៉ិ​ស្លាម មិន​ត្រឹម​តែមាន​តួនាទី​នៅក្នុង​សហគមន៍​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស​ក្នុង​ការធ្វើការងារ តួនាទី​ដឹកនាំ​ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់ជាតិ​ផងដែរ​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ខ្មែរ​អ៉ិ​ស្លាម​ទាំងអស់ ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ កន្លងទៅ ដែល​នេះ​បានបង្ហាញ​ពី​ការអនុវត្ត​សិទ្ធិ​ជា​ពលរដ្ឋ​របស់​បងប្អូន​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​បងប្អូន​ពេញចិត្ត ស្របតាម​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close