គម្រោង​ថ្មី​ចំនួន ៤​ទៀត បោះទុន​ជិត ៩៦​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន ៤​ទៀត បើក​ដំណើរការ​ក្នុង​ទំហំ​ទុន​សរុប​ជិត ៩៦​លាន​ដុល្លារ គ្រោង​បើក​ដំណើរការ និង​បានផ្តល់​ការងារ​រាប់សិប​កន្លែង​ដល់​ពលរដ្ឋ​ផងដែរ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល​, ខេត្តក្រចេះ​, មាន​ទុនវិនិយោគ​ចំនួន ៨៤,៥ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១.០០០​នាក់​។​

២- គម្រោង​បង្កើត​រោងចក្រ​ផលិត​និង​កែច្នៃ​បំពង់​ទីប​ដែក និង​កែច្នៃ​ដំណរ​បំពង់​ទីប​ដែក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែ​ល ស្វាយរៀង​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៥,៨ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២០០​នាក់​។​

៣- គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តា​ប៉ា​កេ និង​ក្តារបន្ទះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៣០០​នាក់​។​

៤- គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៥៥០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close