រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់វិស័យឯកជនជប៉ុន ធ្វើការវិនិយោគលើការកែច្នៃឈើ ដើម្បីនាំចេញផលិតផលក្នុងស្រុក ដែលជួបប្រទះបញ្ហាកង្វះទីផ្សារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន។
មានមតិស្វាគមន៍ នៅចំពោះមុខ ឯកឧត្តម MIYAZAKI Masao ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម បណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប ទំនើបទាន់សម័យរបស់ជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី ឆ្លៀតយកឱកាសនេះ បានជម្រាបជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម ដំណាំសំខាន់ៗដែលមានអាទិភាពសម្រាប់នាំចេញ និងអធិរេកស្បៀង ដោយកម្ពុជាសល់ស្រូវ ជាង ៦លានតោន។ អ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហ ការជាមួយដៃគួអភិវឌ្ឍ និងវិស័យឯកជន ពិសេសអង្គការ JICA ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដាទីផ្សារជប៉ុន។
ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជាមួយក្រុមហ៊ុនជប៉ុនធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ហើយបរិមាណនាំចេញទៅកាន់ទីផ្សារជប៉ុនមានការកើនឡើងជាបន្ត បន្ទាប់។ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហញនូវឆន្ទ:គាំទ្រ និងផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតលើចំណុចសំខាន់ៗទាំង៥ ដែលឯកឧត្តម MIYAZAKI Masao បានលើកឡើងខាងលើ។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា តាមរយ:ដំណើរទស្សនកិច្ចរបស់ឯកឧត្តម MIYAZAKI Masao នៅកម្ពុជាលើកនេះ នឹងមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើវិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។ ក្នុងខណៈនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់វិស័យឯកជនជប៉ុនធ្វើការវិនិយោគលើការកែច្នៃឈើ ដើម្បីធ្វើការនាំចេញ ឆ្លើយតបទៅនឹងការកើនឡើងនូវផលិតផលក្នុងស្រុក ហើយជួបប្រទះបញ្ហាកង្វះទីផ្សារ។
សំណើរសំខាន់ៗដែលបានលើកឡើងដោយភាគីកម្ពុជា ភាគីជប៉ុនជូនយោបល់ឲ្យភាគីកម្ពុជាបន្ត ពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយអ្នកជំនាញកសិកម្មជប៉ុនពីររូបដែលកំពុងបម្រើការក្នុងអង្គការ JICA ហើយសង្ឃឹមថាសំណើនឹងត្រូវបានដោះស្រាយជូនជាបណ្តើរៗតាមការចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។