វៀត​ត​ណា​ម នឹង​ផាកពិន័យ​ជា​ប្រាក់ សម្រាប់​ការ​ចោល​សំរាម​តាមផ្លូវ​

ហាណូយ​៖ វៀតណាម​នឹង​ពិន័យ​បុគ្គល​ណា ដែល​គេ​រកឃើញថា មានការ​ចោល​សំរាម​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ ចិញ្ចើមផ្លូវ និង​ប្រព័ន្ធ​លូ ដោយ​ត្រូវ​ផាក​ពី ១​ទៅ​២ លាន​ដុង (៤៣-៨៦ ដុល្លារ​) ហើយ​រដ្ឋាភិបាល​សម្រេច​ថា នឹង​ចាប់ផ្តើម​ចូល​ជា​ធរមាន នៅ​ខែក្រោយ​។​

​ការផាកពិន័យ​ក្នុងតម្លៃ​នេះ​នឹងត្រូវ​ផាកពិន័យ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​ពាសវាល​ពាសកាល តាម​ចិញ្ចើមផ្លូវ និង​ផ្លូវ ព្រមទាំង​ការ​ចោល​កាកសំណល់​ប្លា​ស្ទិ​ក​ពី​សកម្មភាព​ប្រចាំថ្ងៃ ទៅក្នុង​ស្រះ បឹង ប្រឡាយ ទន្លេ អូរ និង​សមុទ្រ នេះ​បើ​យោងតាម​ក្រឹត្យ​ដែល​នឹង​ចូល​ជា​ធរមាន នៅ​ខែសីហា ២០២២​។​

​ការ​ចោល​សំរាម និង​ទឹក​សំណល់​មិន​ត្រឹមត្រូវ នៅ​កន្លែង​សាធារណៈ រួមទាំង​ផ្សារ​ទំនើប និង​អគារ​ផ្ទះល្វែង ក៏​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥០​ម៉ឺន ទៅ ១​លាន​ដុង​ដែរ​។​

​ការផាកពិន័យ​សម្រាប់​ការ​បត់ជើងតូច និង​ការ​បន្ទោ​របង់​នៅ​កន្លែង​ដែល​គ្មាន​ការអនុញ្ញាត ក៏​នឹងមាន​ចន្លោះ​ពី ១៥​ម៉ឺន​ដុង ទៅ ២៥​ម៉ឺន​ដុង និង​ចន្លោះ​ពី ១០​ម៉ឺន ទៅ ១៥​ម៉ឺន ដុង សម្រាប់​ការ​ចោល​កន្ទុយបារី នៅ​កន្លែង​សាធារណៈ​។​

​ក្រឹត្យ​នេះ ក៏​នឹងដាក់​ពិន័យ​ជា​ប្រាក់​ពី ២ ទៅ ៤ លាន​ដុង​ផងដែរ សម្រាប់​ការដឹកជញ្ជូន​សម្ភារៈ​ដូចជា​ខ្សាច់ និង​កខ្វក់​ដោយ​មិនបាន​បិទបាំង​ត្រឹមត្រូវ ដែល​បណ្តាលឱ្យ​ពួកគេ​ហៀរ​ពាសពេញ​ផ្លូវ​។ គ្រួសារ​ដែល​មិនបាន​រៀបចំ​សំរាម នឹងត្រូវ​ផាកពិន័យ ១ លាន​ដុង ក្នុង​មួយ​ករណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close