អាជីវករផ្សារអូរឫស្សីជាង១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ា រឿងតម្លើងថ្លៃតូប
អាជីវករនៅផ្សារអូរឫស្សីប្រមាណជាង១០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខផ្សារ ដើម្បីស្នើរសុំដល់អាជ្ញាធរគ្រប់គ្រងផ្សារនូវបញ្ហា២ចំណុច ដែលបងប្អូនអាជីវករមិនអាចទទួលយកបាន។
យោងតាមអាជីវករផ្សារអូរឫស្សី បានឱ្យដឹងថា បញ្ហាដែលពួកគាត់ស្នើសុំ២ចំណុចនោះ រួមមាន៖ ទី១. សុំកែពីពាក្យបង់ថ្លៃជួលតូប មកជាពាក្យបន្តបណ្ណកម្មសិទ្ធិជូនដល់អាជីវករ ដោយមិនប្រើពាក្យថាជួល។ រីឯទី២. សុំបញ្ចុះតម្លៃតូប៥០ភាគរយ បន្តនៅក្នុងអាណត្តិថ្មីរយៈពេល២០ឆ្នាំនេះ ដោយកន្លងមកអាជ្ញាធរបានបញ្ចុះតម្លៃឱ្យចំនួន៥០ភាគរយក្នុងអំឡុងពេលកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ថ្វីបើកូវីដបានធូរស្បើយមែនពិត តែការលក់ដូរមិនរលូន និងមិនមានភ្ញៀវច្រើនដូចមុនកូវីដឡើយ។
ក្រោយពីអាជីវករធ្វើការប្រមូលផ្ដុំស្នើសុំ២ចំណុចខាងលើនេះ គណៈកម្មការផ្សារ ក៏បានយកសំណើរបស់អាជីវករយកទៅជូនថ្នាក់លើ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយចំពោះបញ្ហានេះ ហើយជូនដំណឹងដល់អាជីវករវិញនៅពេលក្រោយ ខណៈដែលអាជីវករបានបំបែកគ្នាទៅលក់ដូរតាមតូបរៀងៗខ្លួនវិញជាធម្មតា។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការផ្សារអូរឫស្សីបានជូនដំណឹងដល់អាជីវករដែលលក់ដូរនៅចំណុចផ្សារអូរឫស្សីចូលមកធ្វើការដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មីរយៈពេល២០ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ជារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។