គ្រូបង្រៀននៅវិទ្យាល័យថ្មគ្រែផ្អាកបង្រៀន ក្រោយផ្ទុះទំនាស់ជាមួយនាយកសាលា
(ក្រចេះ) ៖ គ្រូបង្រៀននៅវិទ្យាល័យថ្មគ្រែ ស្ថិតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី បាននាំគ្នាធ្វើកូដកម្មមិនទៅបង្ហាត់បង្រៀនសិស្សនៅសាលារៀនអស់រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីមានទំនាស់ផ្ទៃក្នុងជាមួយនាយកសាលា។
តំណាងលោកគ្រូអ្នកគ្រូដែលផ្អាកការបង្រៀន បានលើកឡើងថា លោកគ្រូ ស៊ុន ម៉េងកាន ដែលជានាយកសាលាវិទ្យាល័យថ្មគ្រែ ជាមនុស្សមានកំហុសច្រើនលើកច្រើនសា និងអសមត្ថភាពក្នុងការដឹកនាំ។ ចាប់តាំងពីលោកនាយកសាលានេះឡើងមក ការដឹកនាំរបស់គាត់នៅក្នុងសាលាមានភាពអន់ថយរហូត ហើយ បញ្ហាសំខាន់ គឺនៅលើសិស្សដែលប្រឡងពិន្ទុធ្លាក់នៅចុងឆ្នាំ គេបែរជាឃើញសិស្សដែលធ្លាក់នោះ បានឡើងថ្នាក់គ្រប់ៗគ្នាទៅវិញ ខណះដែលគ្រូបន្ទុកប្រចាំថ្នាក់មិនដឹសិស្សនោះឡើងតាមវិធីណា គឺជាការរៀបចំរបស់លោកនាយកសាលា ដោយមិនមានការពិភាក្សា ឬពិនិត្យទៅលើបញ្ជីឈ្មោះសិស្សឱ្យបានត្រឹមត្រូវនោះឡើយ។ បន្ថែមលើនេះ ការដឹកនាំក៏គ្មានភាពរីកចម្រើន និងមានការអភិវឌ្ឍទៅមុខឡើយ ព្រោះរាល់ការងាររបស់ក្រសួង-មន្ទីរដាក់មក លោកនាយកសាលារូបនេះតែងផ្អឹបទុកចោល ដោយមិនបានផ្ដល់ការងារនោះ ឬក៏ជម្រាបជូនដំណឹងទៅដល់ទីចាត់ការ លោកគ្រូ អ្នកគ្រូ បានដឹងឮនោះឡើយ ។ ប៉ុន្តែពេលថ្នាក់លើត្រូវការរបាយការណ៍ បែរជានាយកសាលាស្ដីបន្ទោស ដល់លោកគ្រូអ្នកគ្រូ ថាមិនបានជួយការងារគាត់ទៅវិញ។
យ៉ាងណាក៏ដោយលោកគ្រូ ស៊ុន ម៉េងកាន នាយកវិទ្យាល័យថ្មគ្រែ បានថ្លែងថា ចំពោះបញ្ហានេះ ដូចជាមិនមានអ្វីធ្ងន់ធ្ងរនោះទេ បញ្ហាគ្រូម្នាក់ដែលមានបញ្ហាជាមួយលោកនោះ បានដោះស្រាយត្រូវរ៉ូវគ្នាអស់ហើយ។
លោកនាយកបន្តរថា កាលពីចុងសប្តាហ៍កន្លងពេលនេះការិយាល័យអប់រំស្រុក បានចុះមកធ្វើការសម្របសម្រួលរួចម្ដងទៀតហើយដែលហៅលោកគ្រូអ្នកគ្រូទាំងអស់គ្នាប្រជុំ ដើម្បីស្ដាប់ខ្ញុំទទួលពីបំណង ប្រាថ្នារបស់លោកគ្រូអ្នកគ្រូដែលមិនបានចូលរៀន ហើយរបាយការណ៍នោះក៏បានបញ្ជូនទៅដល់មន្ទីរអប់រំខេត្តរួចហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។