ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ គឺជាច្បាប់កម្មសិទ្ធិបញ្ញា បង្កើតឡើងជួយជំរុញការបង្កើតឱ្យមានស្នាដៃថ្មីៗ និងការពារនូវផលិតផលវប្បធម៌ជាស្នាដអ្នកនិពន្ធ អ្នកសម្តែង ផលិតករ
ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្ប: មានប្រសាសន៍ថា ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ គឺជាផ្នែកមួយនៃច្បាប់កម្មសិទ្ធិបញ្ញា ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងនិងគោលដៅជួយជំរុញការបង្កើតឱ្យមានស្នាដៃថ្មីៗ និងការពារនូវផលិតផលវប្បធម៌ជាស្នាដអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ជាដើមសំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវ ស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ស្របតាមគោល នយោបាយជាតិ ស្តីពីវិស័យវប្បធម៌ឆ្នាំ២០១៤ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលជាកត្ត ជួយជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់សិទ្ធិ ឱ្យខិតខំបង្កើតស្នាដៃថ្មី និងដើម្បីទាក់ទាញវិនិយោគិនឱ្យចូលមកប្រកបរបរក្នុងស្រុក ដោយអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិជាពិសេស អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលកម្ពុជាបានចូលជាភាគីនោះតែម្តង ។
ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្ប: បានមានប្រសាសន៍បែបនេះ សិក្ខាសាលាថ្នាក់ភូមិភាគស្តីពីការផ្សព្វផ្សាយសន្ធិសញ្ញា និងអនុសញ្ញានានាដែលកម្ពុជាបានចូលជាភាគី និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប ។
ឯកឧត្តម ឡុង ប៉ុណ្ណស៊ីរីវត្ថ មានប្រសាសន៍ទៀតថា អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយខ្លឹមសារច្បាប់ សិទ្ធិអ្នកនិពន្ធ អនុសញ្ញ និងសន្ធិសញ្ញានានា ជូនទៅដល់សិក្ខាកាម ជាពិសេស គឺប្អូនៗ សិល្បករ និងនិស្សិត ដែលជាយុវជនឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវចំណេះដឹងបន្ថែមទៀត អំពីច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល។
ឯកឧត្តម បន្តថា សិក្ខាសាលានេះ ពិតជាមានអត្ថប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានផ្តល់នូវចំណេះដឹងថ្មីៗ រួមទាំងបទពិសោធន៍ល្អៗសម្រាប់យកទៅអនុវត្តជាក់ស្ដែង និងផ្សព្វផ្សាយបន្ត នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ទៅដល់ការបង្កើតថ្មីនូវស្នាដៃវប្បធម៌ច្រើនទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។