ក្រសួង​ប្រៃសណីយ៍ ទុក​ផ្តល់​ពេល​១០​ខែ ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ កែលំអ និង​ពង្រឹងគុណភាព​សេវា​

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការដាក់ឱ្យ​អនុវត្ត «​ប្រកាស ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍​»​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ខ្លួន​បានចាត់ទុក​ការពង្រឹង​គុណភាព​សេវា​ទូរគមនាគមន៍ គឺជា​កិច្ចការ​អាទិភាព​បំផុត និង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ស្វែងរក​មធ្យោបាយ និង​ដំណោះស្រាយ​នានា សំដៅ​បង្កើន​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត និង​អ៊ីនធឺណិត និង​លើកកម្ពស់​ការការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់ ដោយសារតែ​គុណភាព​សេវា​ទូរគមនាគមន៍​បច្ចុប្បន្ន នៅមានកម្រិត​នៅឡើយ​។​

​ក្នុង​រយៈពេល​ជាង​១ ឆ្នាំ​កន្លងមកនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចាត់តាំង​ក្រុមការងារ​នីតិកម្ម និង​ក្រុមការងារ​បច្ចេកទេស ឱ្យធ្វើ​ការសិក្សា​ស្វែងយល់​អំពី​លិខិតបទដ្ឋាន​គតិយុត្ត​និង​ស្តង់ដារ ទូរគមនាគមន៍​រប​ស់ប​ណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង​ស្ថាប័ន​ទូរគមនាគមន៍​អន្តរជាតិ ព្រមទាំង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​និយ័ត​ករ​ទូរគមនាគមន៍​ក្នុង​តំបន់ អ្នកជំនាញការ​ជាតិ​និង​អន្តរជាតិ ដើម្បី​រៀបចំ​សេចក្តីព្រាង «​ប្រកាស​ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍​» ក្នុង​ការកំណត់​បទដ្ឋាន​បច្ចេកទេស ជាក់លាក់​ដែល​ត្រូវអនុវត្ត​ជា​កាតព្វកិច្ច សម្រាប់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ សំដៅ​ពង្រឹងគុណភាព​សេវា និង​បណ្តាញ​ទូរគមនាគមន៍​របស់​ខ្លួន ក៏ដូចជា​ដើម្បី​ចូលរួម​ការពារ និង​ធានា​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ក្នុងការ​ទទួលបាន​សេវា​ទូរគមនាគមន៍ ប្រកបដោយ​គុណភាព​ស្របតាម​ទឹកប្រាក់​ដែល​បាន​បង់​។​

​ទន្ទឹមនឹង​នេះដែរ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ដើម្បី​ទទួលបាន​នូវ​ធាតុ​ចូល​បន្ថែម និង​ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បីឱ្យ​ការអនុវត្ត​ប្រកាស​នេះ មាន​ភាពរលូន​នាពេលខាងមុខ ពីព្រោះ​ការពង្រឹង​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត នឹង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ​ដោះស្រាយ ដែល ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) ត្រូវ​ជួយ​សម្របសម្រួល​និង​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ក្នុងការ​រៀបចំ​ឱ្យបាន​ច្បាស់លាស់​នូវ​ផែនការ​នៃ​ការកែលំអ​គុណភាព​សេវា​ទូរគមនាគមន៍​។​

​ក្រោយពី «​ប្រកាស​ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍​» ត្រូវបាន​ចុះហត្ថលេខា ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មាន រយៈពេល ១០ (​ដប់​) ខែ ដើម្បី​កែលំអ​និង​ពង្រឹងគុណភាព​សេវា​ទូរគមនាគមន៍​របស់​ខ្លួន ដោយ​អនុលោម​តាម​សូចនាករ​គុណ​ផល​គន្លឹះ ដូច​មានចែង​ក្នុង​ប្រកាស​នេះ​។ ក្នុងករណី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ណា មិន​អនុវត្តតាម​ស្តង់ដារ​អប្បបរមា ដែល​បានកំណត់​ក្នុង​ប្រកាស​នេះ​ទេ ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នោះ​នឹងត្រូវ​ទទួលរង​ពិន័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close