អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ផ្អាក​ការ​មកលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ថ្ម​ក្រាល​ជា​បណ្ដោះអាសន្ន ដោយសារ​ទឹក​ជន់​បាក់​ទំនប់​កាត់ផ្តាច់​ផ្លូវ​

​កំពង់ឆ្នាំង​៖ ទំនប់​ចាក់​ទឹម ស្ថិតនៅ​ក្នុងភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស ត្រូវបាន​ជំនន់​ទឹកភ្លៀង​ជន់​បាក់​អស់​ប្រវែង​៥០​ម៉ែត្រ កាលពី​យប់​ម៉ោង ២៖០០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដែល​ករណី​បាក់​ទំនប់​នះ​បាន​កាត់ផ្ដាច់​ផ្លូវ​ធ្វើដំណើរ​ទៅលេង​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល​ផងដែរ​។​

​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា បាន​ឲ្យ​ដឹងថា ដោយសារ​កាលពី​ថ្ងៃទី​១៩ ម្សិលមិញ​នេះ​ភ្លៀង​បាន​ធ្លាក់​ពេញ​មួយថ្ងៃ​មួយ​យប់ បង្ក​ឲ្យ​ទំនប់​ចាក់​ទឹម ត្រូវ​ជន់​បាក់​អស់​ប្រវែង ប្រមាណ​៥០​ម៉ែត្រ​នៅ វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែកក្កដា​នេះ​។ ករណី​បាក់​ទំនប់​នេះ​បានធ្វើឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ផ្ទះ​នៅ​ខាងក្រោម​ទំនប់​ផងដែរ ប៉ុន្តែ​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ​។​

​ទាក់ទង​នឹង​ករណីនេះ លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ បាន​បញ្ជាក់ថា ទំនប់​ចាក់​ទឹម​ពិតជា​ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​បាក់​ប្រវែង​៥០​ម៉ែត្រ ពិតមែន​កាល​យប់មិញ​នេះ​ដោយសារតែ​ធ្លាក់ភ្លៀង​ពេញ​មួយថ្ងៃ​មួយ​យប់​។​

​ជាមួយគ្នានេះ ខាង​មន្ទីរ​ធនធានទឹក​កន្ល​ង​មក កំពុង​កសាង​ទំនប់​ទ្វារ​ទឹក​ដែរ ដូច្នេះ​ពី​ទំនប់​នេះ​នឹង​បន្ត​ទប់​ឲ្យ​បាន​រឹងមាំ​ជាង​មុន ព្រោះ​ទំនប់​នេះ​ជំនាន់​ប៉ុលពត​ពុំបាន​ធ្វើ​គ្រឹះ​រឹងមាំ​តាម​លក្ខណៈ​បច្ចេកទេស​នោះទេ​។

​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍​ចំពោះ​ការធ្វើដំណើរ​ទៅលេង​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ក្នុងភូមិ​កោះ​ខ្ទុ​ម និង​ភូមិ​ចំការ​ម៉ុ​ច ត្រូវ​ផ្អាក​មួយរយៈ​ដើម្បីឱ្យ​មន្ត្រី​ជំនាញ ជួសជុល​ផ្លូវ​ទំនប់​ដែល​ដាច់​ខាងលើនេះ​សិន ពេលធ្វើ​រួចរាល់​ទើប​យើង​អាច​ទៅលេង​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល​បាន​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close