ឯកឧត្តម អ៊ុក សិទ្ធិជាតិ៖ «បំប៉នមន្ត្រីត្រួតពិនិត្យដូប៉ាដើម្បីរក្សាឲ្យបានការប្រកួត កីឡាប្រកបដោយយុត្តិធម៌ និងការពារកីឡា និងអត្តពលិកស្អាតស្អំ»
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា «សិក្ខាសាលាស្តីពី ការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ាយកទៅអនុវត្ត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា ដើម្បីចូលរួមរក្សាឲ្យបានការប្រកួតកីឡាប្រកបដោយយុត្តិធម៌ និងការពារកីឡា និងអត្តពលិកស្អាតស្អំ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមអគ្គនាយកកីឡា ក្នុងឱកាសនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសូមវាយតម្លៃខ្ពស់ និងកោតសសើរចំពោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដែលបានសហការគ្នាយ៉ាងល្អប្រសើរជាមួយថ្នាក់ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរៀបចំបើកវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ដើម្បីទទួលយកចំណេះដឹងថ្មីយកទៅអនុវត្តក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ដើម្បីចូលរួមរក្សាឲ្យបានការប្រកួតកីឡាប្រកបដោយយុត្តិធម៌ និងការពារកីឡា និងអត្តពលិកស្អាតស្អំ (To Protect Clean Sport and Clean Athletes)។
ការងារអប់រំកាយ និងកីឡា មានសារៈសំខាន់ក្នុងការកសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ ចំណេះដឹងខ្ពស់ និងសីលធម៌ល្អ ហើយក្លាយជាធនធានប្រកបដោយប្រសិទ្ធភាព ដែលជាកម្លាំងផលិតកម្មយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា សិក្ខាសាលានេះក៏ជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ ស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ដើម្បីចូលរួមអនុវត្តអនុសញ្ញានេះទាមទារការចូលរួមពីអស់លោក លោកស្រី ទាំងអស់ដែលជាសិក្ខាកាម និងជាភាគីពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រើប្រាស់សារធាតុដូប៉ា ដែលជាសារធាតុហាមឃាត់ដោយទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក (WADA)។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានពន្យល់ថា ការប្រើប្រាស់ដូប៉ា ឬជាមធ្យោបាយទុច្ចរឹត ក្នុងគោលបំណងបង្កើនគុណផលកីឡារបស់អត្តពលិក ដើម្បីឈានទៅដល់ការឈ្នះមេដាយ។ ការប្រើប្រាស់សារធាតុ ដូប៉ាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់គោលការណ៍ក្រមសីសធម៌ សុច្ចរឹតភាព Fair Play និងតម្លៃអប់រំ ដែលមានចែងក្នុងអនុសញ្ញាអន្តរជាតិ ហើយគុណផលដែលទទួលបានគឺជាការក្លែងបន្លំបោកប្រាស់ ផ្ទុយពីគោលការណ៏ Fair Play និងបទបញ្ជានៃការប្រកួតអន្តរជាតិ។
រដ្ឋជាភាគីនីមួយៗមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ចំពោះការ កសាងសមត្ថភាពដល់មន្ត្រី ក្នុងការអនុវត្តកម្មវិធីប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ា ជាពិសេសទាមទារមានការចូលរួមគាំទ្រពីអាជ្ញាធរសាធារណៈ និងអង្គការជាតិ អន្តរជាតិនានា ដែលទទួលបន្ទុកលើវិស័យកីឡាមានការទទួលខុសត្រូវបន្ថែម ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។
«តាមរយៈអង្គសិក្ខាសាលារយៈពេល៣ថ្ងៃនេះនឹងផ្តល់ការយល់ដឹងបន្ថែមជាច្រើនទៀតជូនលោក លោកស្រី តាមបទបង្ហាញដោយគ្រូឧទ្ទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ក្នុងការយកសំណាកក្នុងស្រុក និងក្នុងព្រឹត្តិកាណ៍កីឡាអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។ ដូច្នេះខ្ញុំសំណូមពរ លោក លោកស្រី ជាសិក្ខាកាមចូលរួមស្វែងយល់ ខិតខំក្រេបយកចំណះដឹងទាំងទ្រឹស្តី និងបទពិសោធន៍ពីគ្រូឧទ្ទេសបន្ថែមលើឯកសារមេរៀន ដែលគណៈគ្រប់គ្រងវគ្គបានចែកជូនឲ្យបានទូលំទូលាយ»។ ឯកឧត្តមអគ្គនាយកកីឡាបានគូសបញ្ជាក់បន្ថែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។