បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ៤៤​គីឡូក្រាម ចាប់ខ្លួន ១១​នាក់ ត្រឹម​រយៈពេល ៣​ថ្ងៃ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៣ ដល់​១៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​(​ក​១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រាជា​ធានី​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សាទុក ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ៥​គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់​៖

-​គោលដៅ​ទី​១: នៅ​ចំណុច សួនច្បារ​មាត់ទន្លេ​មុខ​វាំង ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ និង​ចាប់យក​សារធាតុ​ញៀន​ប្រមាណ​១​គីឡូ ។​
-​គោលដៅ​ទី​២: នៅ​ចំណុច ខុន​ដូ​ឃ្វី​ន បន្ទប់​ជួល​លេខ​៦០២​ជាន់​ទី​៦ ផ្លូវ​លេខ​៣០៨ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ និង​ចាប់យក​សារធាតុ​ញៀន​ប្រមាណ ជាង​៣​គីឡូ​។​
-​ទីតាំង​ទី​៣: បាន​បន្ត​ពន្លាត​ដែនដី​ទៅ​ខេត្តបន្ទាយមានជ័យ នៅ​ចំណុច មុខ​សណ្ឋាគារ​ហាក់​ហួត​២ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ និង​ចាប់យក​សារធាតុ​ញៀន ២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម ។​
-​ទីតាំង​ទី​៤: នៅ​ចំណុច ផ្ទះ​៨០៣ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​និង​ដកហូត​ថ្នាំញៀន​០៣​កញ្ចប់​ធំ ប្រមាណ​៣​គីឡូក្រាម​។​
-​ទីតាំង​ទី​៥: នៅ​ចំណុច ខ្ទម​ចំការ​ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់​និង​ដកហូត​ថ្នាំញៀន​២០​កញ្ចប់​ធំ ប្រមាណ​២០​គីឡូក្រាម​។​

​ចំពោះ​លទ្ធផល បាន​ឃាត់ខ្លួន​ជនសង្ស័យ ១១​នាក់ មានឈ្មោះ សុខ ទឹង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែ​រុ​, ឈ្មោះ សុខ គ​ន្ធា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ហេង សគុណ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ តឿន សា​រុំ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ម៉ុ​ត សុ​ផុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​, ៦-​ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ថៃ​, ឈ្មោះ សេង ឡា​ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ សិត វិសាល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ ឆេង ឡាយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ SONGWAT BAU-SRI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ និង​ឈ្មោះ LAM HONG PHUNG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ វៀតណាម​។​

​ចំណែក​វត្ថុតាង​ចាប់យក​៖ កេ​តា​មីន​(KETAMIN) ទម្ងន់​សុទ្ធ ១​គីឡូ និង​៩៥២​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ៤២​គីឡូ និង​៨៥៨​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី (MDMA)​ទម្ងន់​សុទ្ធ ១០៦​ក្រាម​, សរុប ៤៤​គីឡូ និង​៩១៦​ក្រាម រួម​នឹង​ធ​ម្យោ​បាយ សម្ភារៈ​ចំនួន​ទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​តាម​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close