​ពន្ធដា​រ អនុញ្ញាតឱ្យ​បង់ពន្ធ​លើ​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២ និង​ឆ្នាំ​បន្តបន្ទាប់ ក្រោយ​ចុះបញ្ជី​យានយន្ត​នៅ​ក្រសួង​សាធារណការ រួចរាល់

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ស្តីពី ការអនុញ្ញាត ឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២ និង​ឆ្នាំ​បន្តបន្ទាប់ លើ​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​បង់ពន្ធ​និង​អាករ និង​បាន​ចុះបញ្ជី​យានយន្ត នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួចរាល់​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ដែលទទួលបាន​នៅ​រសៀល​នេះ បានឱ្យដឹង​ទៀតថា ការបង់ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២ ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​តទៅ ។​

​នៅក្នុង​សេចក្តីជូនដំណឹង បានឱ្យដឹង​ទៀតថា ម្ចាស់​រថយន្ត​ត្រូវ​ទៅ​ដាក់​លិខិត​ប្រកាស នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ក​.​អ ឬ​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សា​ធា​រណះ​ភីអិលស៊ី ឬ​នៅ​ធនាគារ​ជេ ត្រាស់ រ៉ូយ៉ាល់ ឬ​នៅ​ធនាគារ​ស្ថាបនា ភីអិលស៊ី ឬ​នៅ​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ឬ​នៅ ធនាគារ​វឌ្ឍនៈ អាស៊ី ចំកាត់ ឬ​នៅ​ធនាគារ​ពាណិជ្ជកម្ម ក្រៅប្រទេស​នៃ​កម្ពុជា ឬ​នៅតាម​ធនាគារ ដែល​បាន ចុះ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ បណ្ណ​សម្គាល់​យានជំនិះ និង​វិញ្ញាបនបត្រ ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស យានយន្ត (​សៀវភៅ​ឈៀក​) ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close