ក្រសួង​អប់រំ រៀបចំ​កម្មវិធី​ប្រកួតប្រជែង​និយាយ​សាធារណៈ លើកកម្ពស់​ការយល់ដឹង​ផលប៉ះពាល់​នៃ​ថ្នាំជក់​

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២១ កក្កដា ម្សិលមិញ បានរៀបចំ​កម្មវិធី​ប្រកួត​និយាយ​សាធារណៈ ក្រោម​ប្រធានបទ​៖ “​ហេតុអ្វី​បានជា​គ្រឹះស្ថានសិក្សា​មិនត្រូវ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់​?” ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការចាប់​ដៃគូ​រវាង​គ្រឹះស្ថានសិក្សា​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់ ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការហាមឃាត់​ការប្រើប្រាស់ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ កិច្ចសហការ​ជាមួយ​សហ​ករ​ថ្នាំជក់ និង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន បាន​បញ្ចេញ​នូវ​សមត្ថភាព​ក្នុងការ​និយាយ​ជា​សាធារណៈ​។

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ ចំពោះ​គណៈកម្មការ​ទាំងអស់​ដែល​បានរៀបចំ​កម្មវិធី​ប្រកួត​នេះ​ឡើង ជាពិសេស​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​សុខភាព​ដើម្បី​កម្ពុជា ដែលជា​និច្ច​ជា​កាល​តែងតែ​សហការ​គាំទ្រ​ជាមួយ​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ទប់ស្កាត់​នូវ​ការប្រើប្រាស់​ថ្នាំជក់ និង​ការលើកកម្ពស់​សុខភាព​សិក្សា​បុគ្គលិក​អប់រំ​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​កោតសរសើរ ចំពោះ​ការប្រឹងប្រែង​ចូលរួម​ប្រកួតប្រជែង​ពី​សំណាក់​ប្អូនៗ​សិស្សានុសិស្ស ដែល​ប្រកបដោយ​បំ​ណិ​ន ទេពកោសល្យ ទំនុកចិត្ត ក្នុងការ​និយាយ​ជា​សាធារណៈ​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា គោលដៅ​សំខាន់​នៃ​ការប្រកួត​នេះ មិនមែន​ត្រឹមតែ​ស្វែងរក​អ្នកមាន​ទេពកោសល្យ​ក្នុងការ​និយាយ​ជា​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ស្វែងរក​អ្នក​នាំសារ​ផ្សព្វផ្សាយ​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ បាន​យល់ដឹង​ពី​ផលប៉ះពាល់​ដោយសារ​ថ្នាំជក់ ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់ និង​ចរាចរណ៍​ថ្នាំជក់​នៅតាម​គ្រឹះស្ថានសិក្សា​។​

​សូមជម្រាបថា កម្មវិធី​ប្រកួតប្រជែង​និយាយ​សាធារណៈ​នេះ បាន​ប្រព្រឹត្តទៅ​ចំនួន​បី​ដំណាក់កាល គឺ​ការសរសេរ​អត្ថបទ ការនិយាយ​ជា​សាធារណៈ​វគ្គ​ពាក់កណ្ដាល​ផ្តាច់​ព្រ័ត និង​វគ្គ​ផ្តាច់​ព្រ័ត ដែល​បេក្ខជន​៣​រូប​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​ចុងក្រោយ​។ ការប្រកួតប្រជែង​នេះ មាន​បេក្ខភាព​ចម្រុះ​ចូលរួម​ពី​សំណាក់​សិស្ស​កម្រិត​មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា មកពី​រាជធានី​ខេត្ត​នានា ត្រូវបាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close