លទ្ធផលកិច្ចប្រជុំពិភាក្សារវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការអនុវត្តផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា
(វៀតណាម)៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាជាមួយឯកឧត្តម ហា វ៉ាន់សៀវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដោយបានផ្តោតសំខាន់លើ៖
១- ថ្លែងអំណរគុណចំពោះភាគីវៀតណាម និងពាំនាំនូវសេចក្តីនឹករលឹកពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។
២- អនុវត្តនូវស្មារតីជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏ដូចជាអនុវត្តសកម្មភាពយោងតាមស្មារតីជំនួបផ្លូវការរវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយឯកឧត្តម NGUYEN Van Hung រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងអំឡុងពិធិបើក SEA Games លើកទី៣១ នាថ្ងៃទី២៤ ខែឧសភាព ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
៣- បញ្ជាក់អំពីគោលបំណងនៃការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” និងប្រកាសប្រាប់ប្រជាជនវៀតណាមអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដោយកម្ពុជាបានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះ ចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ វិធានសុវត្ថិភាពតម្រូវត្រឹមតែការបង្ហាញកាត ឬវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនពេញលេញ គ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័ស ប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។
៤- ពិភាក្សាអំពីដំណើរការនៃការធ្វើដំណើរបើកបរដោយខ្លួនឯង (Self-driving tour) ពីច្រកព្រំដែនអន្តរជាតិ ជាពិសេសប្រទេសមិត្តជិតខាង ហើយសង្ឃឹមថាការបើកច្រកនេះនឹងបង្កើនឲ្យមានលំហូរទេសចរមកទស្សនាប្រទេសទាំងពីឲ្យបានច្រើនថែមទៀត។
៥- បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះភាគីវៀតណាម ដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា។
៦- បច្ចុប្បន្នកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទន់-រឹងជាច្រើននៅទិសនិរតី ដើម្បីតភ្ជាប់សម្រួលការធ្វើដំណើរ ជំរុញចលនាភ្ញៀវទេសចរពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ទៅខេត្តគៀង យ៉ាង និងទីក្រុងកាន់ធើជាដើម។
៧- បានអញ្ជើញរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) និងប្រតិភូចូលរួមក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
៨- ជំរុញកិច្ចសហប្រតិបត្តិការការតភ្ជាប់តាមផ្លូវគោក ទឹក និងអាកាស ជាពិសេសដើម្បីតភា្ជប់រវាងខេត្តដែលនៅជាប់ព្រំដែនជាមួយគ្នា សម្រួលដល់ការធ្វើដំណើរនៅតាមច្រកព្រំដែនអន្តរជាតិ និងការផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជាដែលធ្វើដំណើរទេសចរណ៍ទៅពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាម។
៩- កម្ពុជានឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ “International Travel Expo (ITE HCMC) 2022” ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ព្រមទាំងរៀបចំកម្មវិធីរាត្រីកម្ពុជា “Cambodia Night” នៅសណ្ឋាគាររិស (REX Hotel) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងចូលរួមក្នុងវេទិកាទេសចរណ៍មេគង្គ ចាប់ពីថ្ងៃទី១១-១៤ ខែតុលា ឆ្នាំ២០២២ នៅ Hoi An ប្រទេសវៀតណាម។
១០- រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសចូលរួមការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ដូចជា៖ ការចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងការចូលរួមត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមជាមួយការអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាចូលរួមផ្សព្វផ្សាយរួមគ្នានៅព្រឹត្តិការណ៍ពិព៍រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ហើយវៀតណាមក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងទេសចរណ៍កម្ពុជាក្នុងការរៀបចំកម្មវិធី Roadshow ក្នុងខែតុលា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។