អ្នកជំងឺ​អុត​ស្វា ដែល​រកឃើញ​លើកដំបូង​នៅ​ថៃ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាត់​ខ្លួន​ពី​កន្លែង​ព្យាបាល​

​បាងកក​៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​ផ្ទុក​ជំងឺ​អុត​ស្វា ត្រូវបាន​រាយការណ៍​ថា បាន​រត់គេច​ចេញពី​មន្ទីរពេទ្យ​នៅ​ភូ​កេ​ត ខណៈដែល​នគរបាល មន្ត្រី​អន្តោប្រវេសន៍ និង​មន្ត្រី​គ្រប់គ្រង​ជំងឺឆ្លង​ត្រូវបាន​បញ្ជា​ឲ្យ​តាមរក​ជាបន្ទាន់​។​

​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង (DDC) នៃ​ប្រទេស​ថៃ នា​ថ្ងៃទី​២២ កក្កដា​នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង នៃ​ជំងឺ​អុត​ស្វា ជា​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ ២៧​ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ទៅកាន់​តំបន់​ទេសចរណ៍​ភូ​កេ​ត​។​

DDC ថា ក្រុម​ស៊ើបអង្កេត​រួមគ្នា​មួយក្រុម ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ខេត្ត Phuket កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​មន្ទីរពេទ្យ​សង្ស័យថា អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​របស់ខ្លួន​មាន​រោគសញ្ញា​ជំងឺ​ស្វា​។ កាលពី​សប្តាហ៍​មុន អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយមាន​គ្រុនក្តៅ ក្អក ឈឺបំពង់ក និង​ហៀរ​សំបោរ​។ គាត់​ក៏មាន​កន្ទួល និង​ដំបៅ​នៅ​តំបន់​ប្រដាប់ភេទ​របស់គាត់ ហើយ​វា​បាន​រាលដាល​ដល់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ និង​មុខ​របស់គាត់​។​

​ការធ្វើ​តេស្ត​មន្ទីរពិសោធន៍ PCR ពី​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺឆ្លង​នៃ​កាកបាទក្រហម​ថៃ បាន​រកឃើញថា បុរស​នោះ​កើត​ជំងឺ​គ្រុនពោះវៀន កាលពី​ថ្ងៃ​អង្គារ​។ តែ ក្រោយមក គាត់​ត្រូវបាន​បញ្ជា​ក់ដោយ​ការធ្វើ​តេស្ត​មន្ទីរពិសោធន៍ DDC ថា​មាន​មេរោគ​អុត​ស្វា កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close