ស្ត្រីជនជាតិដើមឥណ្ឌាជាប់ឆ្នោតជាប្រធានាធិបតី លើកដំបូងក្នុងប្រវត្តិសាស្ត្រ
បណ្តាតំណាងរាស្ត្រឥណ្ឌា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានបោះឆ្នោតជ្រើសរើសស្ត្រីជនជាតិដើម ធ្វើជាប្រធានាធិបតី ក្នុងប្រទេសដែលមានពលរដ្ឋ ជិត១៥០០លាននាក់ ។
ជនជាតិដើមដែលមានកិត្តិយល់ត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីគឺលោកស្រី Droupadi Murmu អាយុ ៦៤ឆ្នាំ ជាសមាជិក កុលសម្ព័ន្ធ Santhal (ឬ Santhali) នៃភាគខាងកើតប្រទេសឥណ្ឌា ។ លោកស្រីទទួលបានការគាំទ្រពីតំណាងរាស្ត្រជាង ៤៥០០នាក់ ។ ប្រធានាធិបតីឥណ្ឌា ត្រូវបានសភាទាំងពីរ បោះឆ្នោតជ្រើសរើស ។
ការទទួលបានជ័យជម្នះរបស់លោកស្រី Droupadi Murmu ត្រូវបានប្រកាសជាផ្លូវការ នៅយប់ថ្ងៃទី២១ខែកក្កដា ។ លោកស្រីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី គណបក្សកាន់អំណាច Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ។
នាយករដ្ឋមន្ត្រី Narendra Modi បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «ស្ត្រីកើតចេញនៅក្នុងសហគមន៍ជនជាតិដើម នៃកុលសម្ព័ន្ធ Santhal ។ លោកស្រី Droupadi Murmu បានចាប់ផ្តើមការងារគឺគ្រូបង្រៀន ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ ។ ក្រោយមកលោកស្រីបានចូលរួមសកម្មភាពនយោបាយ ហើយធ្លាប់ក្លាយជា តំណាងរាស្ត្រនៅក្នុងរដ្ឋ Odisha មុនពេលក្លាយជាអភីបាលរដ្ឋ Jharkhand ហើយពេលនេះជាប្រធានាធិបតី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។