អតីតមេ PM ក្រុងក្រចេះ ដែលបង្ខំឱ្យក្មេងស្រី សំពះខ្មោចឆ្កែ និងស៊ីអាចម៍ឆ្កែ ត្រូវ​តុលាការ​កំពូលដោះលែង

(ភ្នំពេញ) ៖ តុលាការកំពូល បានប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់អតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះម្នាក់ ដែលបានស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន បានសម្រេចដោះលែងជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ (ជាអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ) បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំ តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យរបស់តុលាការ និងមានកាតព្វកិច្ចចំនួន៣ ដូចជា៖ មិនឱ្យចេញក្រៅប្រទេស, ប្រគល់លិខិតឆ្លងដែនឱ្យសាលាដំបូងខេត្តក្រចេះ និងត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រចេះ ក្រុងក្រចេះ មួយខែម្ដង គិតចាប់ពីខែសីហាតទៅ។

សូមរំលឹកថា ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ជនជាតិខ្មែរ និងជាអតីតមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ ជាប់ចោទពីបទ «ទារុណកម្ម និងអំពើហិង្សាឃោរឃៅមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ, បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ និងបទគម្រាមកំហែងថានឹងសម្លាប់» ដែលបានប្រព្រឹត្តនៅហាង លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងលក់ទូរសព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ក្នុងអំឡុងខែតុលា ឆ្នាំ២០២១ តាមមាត្រា២១១, ២១៩ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ឈ្មោះ ទេព ហ៊ុយ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីជាប់សង្ស័យ ថាបានវាយធ្វើទារុណកម្មទៅលើក្មេងស្រីរងគ្រោះ២នាក់ មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ ដែលអ្នកទាំង២ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ក៏ជាអ្នកបម្រើឱ្យក្រុមគ្រួសាររបស់ជនជាប់ចោទ មានទីលំនៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close