មន្ទីរកសិកម្មខេត្តបាត់ដំបង ជូនដំណឹងស្ដីពីការចុះបញ្ជីចម្ការមៀនប៉ៃលិន និងចម្ការស្វាយ និងស្នើសុំការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ-កម្ពុជា សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សូមគោរពជម្រាបជូនដំណឹងដល់សាធារណជន ជាម្ចាស់ចម្ការ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍កសិកម្ម ដែលមានដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំស្វាយគ្រប់ទំហំ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីធានាបាននូវស្តង់ដា និងលក្ខខណ្ឌបច្ចេកទេសសមស្រប សម្រាប់ការនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។
ចំពោះលោក លោកស្រី ដែលមិនទាន់បានចុះបញ្ជី និងបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ-កម្ពុជា (Cam-GAP) សូមលោក លោកស្រី ម្ចាស់ចម្ការធ្វើការស្នើសុំតាមរយៈ ឃុំ សង្កាត់ ឬក្រុង ស្រុកដែលនៅជិតមូលដ្ឋានរបស់លោក លោកស្រី សម្រាប់លោក លោកស្រី ដែលបានចុះបញ្ជី និងទទួលបានការបណ្តុះបណ្តាលរួច ត្រូវរួសរាន់ដាក់ពាក្យស្នើសុំ ធ្វើការវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងស្នើសុំចុះបញ្ជីចំការសម្រាប់ការនាំចេញ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន លោក លោកស្រី ម្ចាស់ចម្ការ ម្ចាស់ក្រុមហ៊ុន សហគ្រាសនិងសហគមន៍កសិកម្ម ដែលមានដំណាំមៀនប៉ៃលិន(តាង៉ែន) និងដំណាំស្វាយ គ្រប់ទំហំ និងអ្នកពាក់ព័ន្ធទាំងអស់ ទៅចុះបញ្ជីនៅតាមអជ្ញាធរមូលដ្ឋានដើម្បីផ្ញើរជូនមកមន្ទីរជំនាញ សម្រាប់ធ្វើការសម្របសម្រួលទៅអគ្គនាយកដ្ឋានកសិកម្ម អោយបានគ្រប់ៗគ្នា ចាប់ពីថ្ងៃជូនដំណឹងតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។