ផ្ទុះភ្នំភ្លើងសាគូរ៉ាជីម៉ា បង្កើនកម្រិតប្រកាសអាសន្នដល់៥
តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការផ្ទុះភ្នំភ្លើងមួយបានកើតឡើងនៅលើ Sakurajima ក្នុងខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអាទិត្យ ទី២៤ កក្កដា ២០២២។ ទីភ្នាក់ងារនេះប៉ាន់ស្មានថា ការផ្ទុះដ៏ធំដែលកើតឡើងពីហេតុការណ៍ នេះ ទំនងជាមិនកើតឡើងទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតនៃ គឺកម្រិត៥ ដែលគេដឹងថា ត្រូវបានអនុវត្តនៅ Sakurajima ជាលើកដំបូង ចាប់តាំងពីប្រព័ន្ធនេះត្រូវបានណែនាំក្នុងឆ្នាំ ២០០៧ ។
មន្ត្រីបានបញ្ជាក់ថា មានការផ្ទុះមួយនៅក្រោយម៉ោង ៨ យប់ ថ្ងៃអាទិត្យ ដែលបានបញ្ចេញថ្មភ្នំភ្លើងធំៗនៅជុំវិញចម្ងាយ ២,៥ គីឡូម៉ែត្រ។ មន្ត្រីក្រុង Kagoshima បានចេញបញ្ជាជម្លៀសប្រជាជននៅក្នុងទីប្រជុំជន Arimura និង Furusato ដែលមានប្រជាជនប្រមាណជា ៣៣គ្រួសារ។ មន្ត្រីទីភ្នាក់ងារឧតុនិយម បាននិយាយថា ថ្មភ្នំភ្លើងធំៗ ជាច្រើនទៀតអាចនឹងធ្លាក់នៅតំបន់ខ្លះនៃទីក្រុង Kagoshima ក្នុងចម្ងាយ ៣គីឡូម៉ែត្រ នៃរណ្ដៅភ្នំភ្លើងពីរ។
មន្ត្រីទីភ្នាក់ងារបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “សកម្មភាពភ្នំភ្លើង Sakurajima កាន់តែមានសភាពខ្លាំងក្លា។ ប្រជាជននៅក្នុងតំបន់លំនៅដ្ឋានគួរតែប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះផ្ទាំងថ្មភ្នំភ្លើងដ៏ធំដែលធ្លាក់នៅក្បែរនោះ”។
ទីភ្នាក់ងារឧតុនិយម បានរម្លឹកផងដែរ ពីការរញ្ជួយដីដែលបានកើតឡើងក្នុងឆ្នាំ ១៩១៤ ដោយបានសម្លាប់មនុស្ស ៥៨ នាក់។ យ៉ាងណាក៏ដោយ សម្រាប់ការផ្ទុះភ្នំភ្លើងសាគូរ៉ាជីម៉ា លើកនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។