បញ្ជូនជនសង្ស័យបាញ់សម្លាប់លោក អាបេ ទៅធ្វើការវាយតម្លៃវិកលចរិត នៅទីក្រុង Osaka
ព្រះរាជអាជ្ញាជប៉ុនបានបញ្ជូនជនសង្ស័យ នៅក្នុងករណីបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Abe Shinzo ទៅកាន់ផ្ទះឃុំឃាំងក្នុងទីក្រុង Osaka ដើម្បីធ្វើការវាយតម្លៃផ្នែកវិកលចរិក។
ជនសង្ស័យ Yamagami Tetsuya បានមកដល់ទីតាំងឃុំខ្លួន Osakaនេះ នៅព្រឹកថ្ងៃច័ន្ទ ទី២៥ កក្កដា ២០២២ ប្រហែលមួយម៉ោងបន្ទាប់ពីចាកចេញ ពីប៉ុស្តិ៍នគរបាល ក្នុងទីក្រុង Nara ។
បុរសអាយុ ៤១ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ៨ ខែកក្កដា បន្ទាប់ពីការបាញ់សម្លាប់លោក Abe ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុងភាគខាងលិចប្រទេសជប៉ុន។
ជនសង្ស័យ Yamagami នឹងត្រូវឆ្លងកាត់ការធ្វើតេស្តដោយអ្នកជំនាញផ្លូវចិត្តនៅឯកន្លែងឃុំឃាំង ដើម្បីកំណត់ថាតើគាត់អាចទទួលខុសត្រូវព្រហ្មទណ្ឌឬយ៉ាងណា។
គាត់នឹងត្រូវបានឃុំខ្លួនសម្រាប់ការវាយតម្លៃផ្នែកវិកលចរិក រយៈពេលប្រហែល៤ ខែ គឺរហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។ ព្រះរាជអាជ្ញាសាធារណៈ នៅណារ៉ានឹងសម្រេចចិត្តថាតើត្រូវចោទប្រកាន់គាត់ដោយផ្អែកលើលទ្ធផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។