កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ មានប្រធានបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និង ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩”
កម្ពុជា បានក្លាយជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ “យុវជនក្នុងយុគសម័យ បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និង ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយ ជំងឺរាតត្បាតកូវីដ-១៩” ហើយកិច្ចសន្ទនាយុវជនអាស៊ាន គឺសមស្របនឹងអាទិភាពនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងប្រធានបទ “អាស៊ានរួមគ្នាធ្វើ , ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
កិច្ចសន្ទនាយុវជនលើកដំបូងនេះ ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៦ ខែកក្កដា នៅសាលសន្និសីទសុខា ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីប្រតិភូចំនួន៦៨ នាក់ មកពី ប្រទេសក្នុងតំបន់ និងប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា , ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា , ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានពីសំណាក់ឯកឧត្តម រដ្ឋមន្ត្រីកិត្តិយស ទទួលបន្ទុកយុវជនមកពីប្រទេសសមាជិកអាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាននិងតំណាងយុវជនមកពីបណ្តាប្រទេសអាស៊ាន ជាច្រើនរូបទៀត ។
នៅក្នុងពិធីបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គណៈប្រតិភូយុវជន នឹងចូលរួមកិច្ចសន្ទនាទល់មុខជាមួយរដ្ឋមន្ត្រីយុវជនអាស៊ាន និងមន្ត្រីជាន់ខ្ពស់នានាស្តីពីការផ្ដល់ អំណាចដល់យុវជន ចូលរួមឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងធ្វើសមាហរណកម្ម ក្នុងតំបន់ ហើយកិច្ចសន្ទនាផ្តោតសំខាន់លើប្រធានបទស្នូលចំនួន៨ រួមទាំងអភិបាលកិច្ច; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី; ការងារនាពេលអនាគត; ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់; កំណើនបរិយាប័ន្ននិងនិរន្តរភាព; ការប្រែប្រួលអាកាសធាតុ; ការបង្រួញ គម្លាតអភិវឌ្ឍក្នុងអាស៊ាន; ការជួបប្រាស្រ័យប្រជាជន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា កិច្ចសន្ទនាយុវជនអាស៊ាននេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការផ្តល់ឱកាសដល់យុវជនរបស់យើងក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា តាមរយៈការផ្លាស់ប្តូរមតិ និងតាមរយៈការស្នើសុំអនុសាសន៍គោលនយោបាយ ដើម្បីឲ្យតំបន់អាស៊ានរបស់យើងទទួលបាននូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុភមង្គលយូរអង្វែងសម្រាប់ប្រជាជនយើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តទៀតថា បដិវត្តន៍ឧស្សាហកម្មទីបួនគឺផ្លាស់ប្តូរជាមូលដ្ឋាននូវរបៀបរស់នៅ របៀបធ្វើការ និងទំនាក់ទំនងគ្នាទៅវិញទៅមក វាត្រូវបានកំណត់លក្ខណៈដោយចំណុចប្រសព្វនៃរបកគំហើញបច្ចេកវិទ្យាដែលកំពុងរីកចម្រើន គ្របដណ្តប់លើវិស័យធំទូលាយដូចជា បញ្ញាសិប្បនិមិត្ត (AI), មនុស្សយន្ត, អ៊ីនធឺណិតនៃវត្ថុ (IoT), រថយន្តស្វយ័ត, ការបោះពុម្ព 3D, ណាណូបច្ចេកវិទ្យា, ជីវបច្ចេកវិទ្យា, វិទ្យាសាស្ត្រសម្ភារ, ការផ្ទុកថាមពល និង quantum computing ដើម្បីដាក់ឈ្មោះមួយចំនួន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ជឿជាក់ថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ នឹងផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ដែលជះឥទ្ធិពលដល់អនាគតរបស់ពួកគេ រាប់ចាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងអនាគតសម្រាប់ការងារដល់ការអភិវឌ្ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរពីមនុស្សទៅមនុស្ស ដើម្បីត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត និងទទួលបានជំនាញ រៀនបច្ចេកវិទ្យាស្របតាមភាពជឿនលឿននៃបរិបទបដិវត្តន៍ឧស្សាហកម្មទី៤.០ ស្របពេលដែល រដ្ឋសមាជិកអាស៊ានកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់អំពីរបៀបរៀបចំយុវជនសម្រាប់អនាគតថ្មីនៃការងារ និងសម្រាប់ការសម្របខ្លួន និងការទទួលយកឧស្សាហកម្ម 4.0 ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។